តុលាការកំពូល បន្តសម្រេចឲ្យឃុំខ្លួនជនជាប់ចោទ ទេព វន្នី ដាក់ពន្ធនាគារដដែល រឿងប្រើហិង្សាលើសន្តិសុខរបួសធ្ងន់ពីរនាក់
07-02-2018 11:41
(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរនាំ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ តុលាការកំពូល បានសម្រេចបន្តឃុំខ្លួនជនជាប់ចោទ ទេព វន្នី ដាក់ពន្ធនាគារដូចអ្វីដែលតុលាការថ្នាក់ក្រោម សម្រេចដដែល ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើសន្តិសុខពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់។ នេះបើយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។
ក្រោយបញ្ចប់ការសួរនាំជនជាប់ចោទ ទេព វន្នី ត្រូវបានមន្រ្តីអនុរក្សពន្ធនាគារបញ្ជូនត្រឡប់ទៅវិញ។
សូមបញ្ជាក់ថា ជនជាប់ចោទ ទេព វន្នី អាយុ៣៥ឆ្នាំ ជាប់ចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចខាងកើតវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ ហើយត្រូវបាននាំខ្លួនមកកាត់ទោសនៅព្រឹកថ្ងៃនេះ។
កន្លងមកសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានផ្តន្ទាទោសជនជាប់ចោទ ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែជនជាប់ចោទ ទេព វន្នី មិនសុខចិត្តទើបប្តឹងសារទុក្ខមកតុលាការកំពូល៕