Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំចង្អៀត ថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ាន នៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ ​នាសប្តាហ៍ក្រោយនេះ

02-02-2018 18:07

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំចង្អៀត ថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ាន នៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ០៤-០៦ ខែកុម្ភៈ ឆ្នាំ២០១៨ អំឡុងសប្តាហ៍ក្រោយនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

ការទៅចូលរួមប្រជុំរបស់ ប្រមុខការទូតកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកបណ្ឌិត វីវៀន បាឡាគ្រីស្នស្នាន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ សិង្ហបុរី។

ក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០១៨ ប្រទេសសិង្ហបុរីបានជ្រើសរើសមូលបទ «គំនិតឆ្នៃប្រឌិតថ្មី និងភាពរឹងមាំ» ដែលឆ្លុះបញ្ចាំងពីដំណើរការដ៏រឹងមាំ និងសំឡឹងឆ្ពោះទៅមុខ ក្នុងការកសាងសហគមន៍អាស៊ាន។

ក្នុងឱកាសកិច្ចប្រជុំចង្អៀតនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិនិត្យពីអាទិភាពជាប្រធានអាស៊ានរបស់សិង្ហបុរី ក៏ដូចជាផ្លាស់ប្តូរទស្សនៈ លើបញ្ហាបន្ទាន់មួយចំនួន ដែលអាចបង្កការគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាការធ្វើឲ្យស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន។

ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លទ្ធផលនៃកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ាននេះ ត្រូវបានរំពឹងទុកថា នឹងពង្រឹង ការកសាងសហគមន៍អាស៊ាន ព្រមទាំងកំណត់ពីការអភិវឌ្ឍនាពេលអនាគត នៅក្នុងតំបន់៕