Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ចាប់ខ្លូនមន្រ្តីយោធាឈ្មោះ កើត វេហា បានហើយពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី ខណៈនាយនគរបាលប៉ុស្តិ៍អូររលែកំពុងរត់គេចខ្លួន

01-02-2018 07:58

(មណ្ឌលគីរី)៖ សមត្ថកិច្ចជាន់ខ្ពស់ខេត្តមណ្ឌលគីរី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មន្រ្តីយោធាការពារព្រំដែនឈ្មោះ កើត វេហា ហៅ ឆៃ ដែលពាក់ព័ន្ធការបាញ់សម្លាប់មន្រ្តីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង ត្រូវបានចាប់ខ្លួនបានហើយកាលពីយប់មិញ។

បើតាមសមត្ថកិច្ចដដែលនេះបានបញ្ជាក់ទៀតថា ដោយឡែកឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្តិ៍អូរលែ បាននិងកំពុងរត់គេចខ្លួននៅឡើយមិនទាន់ចាប់បាននៅឡើយទេ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវនិងកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៀត។

ជនដៃដល់ និងពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ។

សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)៕