ប្រហិតខូចគុណភាព៤៥០គីឡូក្រាម ត្រូវកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចាប់បាន និងដុតបំផ្លាញចោល ក្រោយលួចបង្កប់ចេញតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត
30-01-2018 09:31
(បន្ទាយមានជ័យ)៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ក្រោមការដឹកនាំផ្ទាល់ដោយ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ចាប់បានទំនិញខូចគុណភាពចំនួន ៤៥០គីឡូក្រាម ដែលលួចបង្កប់ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅភូមិមួយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ្ឌ ដើម្បីយកទៅដុតបំផ្លាញចោល។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលទទួលបន្ទុកទីផ្សារ បានឲ្យដឹងថា ទំនិញដែលជំនាញដកហូត និងយកមកដុតកម្ទេចចោលនេះមានដូចជា៖ ប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតសាច់មាន់ តៅហ៊ូ ប្រហិតត្រីឆ្លាម ប្រហិតសាច់ជ្រូក ដែលគេផ្លាសេទឹកកកមិនដល់ទើបដូច្នេះហើយ ទើបធ្វើឲ្យខូចគុណភាពហួសកាលបរិច្ឆេទ។
លោក ហុង លៀង បានបន្តទៀតថា ប្រតិបត្តិការនេះធ្វើឡើងដើម្បីដាស់តឿនដល់បងប្អូនពលរដ្ឋ គួរចៀសវាងក្នុងការទិញទំនិញដែលខួចគុណភាព យកទៅបរិភោគ អាចមានផលប៉ះពាល់ ដល់សុខភាព ឬក៏កើតមានអាការៈផ្សេងៗកើតឡើង។
បើតាមអនុប្រធានសាខារូបនេះ ទាំងអស់នេះហើយ ដែលមន្រ្តីកាំកុងត្រូល តែងតែចុះធ្វើការអប់រំនៅតាមទីផ្សារ សាលារៀន ឬកន្លែងផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ពីរបស់របរដែលខូចគុណភាព និងហួសកាលបរិច្ឆេទ៕