យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់៦៥៩គ្រឿង និងផាកពិន័យ៣១៩គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្តបាន១៣៥គ្រឿង
22-01-2018 17:28
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៥២៧គ្រឿង រកឃើញល្មើសច្បាប់៦៥៩គ្រឿង (ម៉ូតូ៦២ភាគរយ) អប់រំ៣៤០គ្រឿង និងផាកពិន័យ៣១៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៣៣៣គ្រឿង អប់រំ២៤៣គ្រឿង និងផាកពិន័យចំនួន១៨១គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ១៣៥គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១៦,៥៥០គ្រឿង រកឃើញយានយន្តល្មើស ១៩,៨៥០គ្រឿង (ម៉ូតូ៨៣ភាគរយ) ក្នុងនោះអប់រំ ៦,៨៨៧គ្រឿង និងផាកពិន័យ ១២,៩៦៣គ្រឿង (ម៉ូតូ៩១ភាគរយ)៕