Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការ​ពុំ​ទាន់​សម្រេច​អនុញ្ញាតឲ្យ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​ជួប​លោក ​កឹម​ សុខា​ នៅឡើយទេ

17-01-2018 12:57

(ភ្នំពេញ)​៖ រហូត​មក​ទល់​ពេល​នេះ​លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​ថា ​អនុញ្ញាត ​ឬ​មិន​អនុញ្ញាត​ឲ្យ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​ជួប​លោក​ កឹម​ សុខា​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះទេ​។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី​១៧​ ខែ​មករា​ បានថ្លែងថា ​លេខាធិការដ្ឋានរដ្ឋបាល បានទទួលលិខិតនេះ ហើយបញ្ជូនទៅលោកចៅក្រមស៊ើបសួរ ដើម្បីពិនិត្យអំពីការស្នើសុំនេះ។

លិខិត​លោក​ ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា រូបលោក រួមទាំងអតីត​តំណាងរាស្ត្រ​៤​រូប​ទៀត មាន​លោក ​អ៊ូ ច័ន្ទ​រ័ត្ន លោក ​ជាម ច​ន្នី លោក ​កង គឹម​ហាក់ និង​លោកស្រី តែ ច័ន្ទ​មុនី រួមទាំង​សហការី១០​រូប​ទៀត បាន​ស្នើសុំ​ការអនុញ្ញាត ដើម្បី​ចូលជួប​សួរ​សុខទុក្ខ​លោក ​កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៨ ខាងមុខ​។ លិខិត​នេះ​បាន​ចូលដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃទី​១៦ ខែមករា។

ក្រុមអតីតតំណាងរាស្រ្ត CNRP បានស្នើសុំជួប លោក កឹម សុខា អតីតប្រធាន CNRP នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោយផ្ទុះទំនាស់ផ្ទៃក្នុង ក្រោយពេល លោក សម រង្ស៊ី បង្កើត «ចលនាសង្រ្គោះជាតិ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ និង លោកស្រី ជូឡុង សូមូរ៉ា បានប្រកាសបង្កើត ចលនាសង្រ្គោះជាតិនេះ ហើយអះអាងថា ចលនា​នេះ​ ត្រូវបានបង្កើតឡើង ដើម្បីទាមទារ​ឲ្យមាន​ការដោះលែង លោក​ កឹម ​សុខា និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោតដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​។

ភ្លាមៗនោះ អតីតសមាជិកបក្សប្រឆាំងប្រមាណ៥០នាក់ ដែលសុទ្ធសឹងតែជាបក្ខពួករបស់ លោក កឹម សុខា បានចេញសេចក្តីប្រកាសប្រឆាំងចំពោះចលនា ដែលបង្កើតឡើងដោយ ក្រុមរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះ។ ជាមួយគ្នានេះ អតីតសមាជិកបក្សប្រឆាំងទាំងនោះបានអះអាងថា ពួកគេនឹងមិនចូលរួម ជាមួយចលនានេះនោះឡើយ ហើយបន្តធ្វើសកម្មភាពក្រោមក្របខណ្ឌគណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា​ ជាប្រធាន៕