Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតតំណាងរាស្រ្តម្នាក់របស់អតីត CNRP លោក ទួន យក់ដា ចេញមុខបដិសេធចំពោះការបញ្ចូលឈ្មោះលោកទៅក្នុងក្រុមដឹកនាំ «ចលនាសង្រ្គោះជាតិ» របស់លោក សម រង្ស៊ី

15-01-2018 23:32

(ភ្នំពេញ)៖ លោក ទួន យក់ដា អតីតអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអតីតអនុប្រធានក្រុមការងាររបស់ អតីតគណបក្សសង្រ្គោះជាតិខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានធ្វើការបដិសេធន៏ចំពោះការដាក់ឈ្មោះរបស់លោកក្នុងសេចក្តីថ្លែងការណ៍ «ចលនាសង្រ្គោះជាតិ»។

សេចក្តីប្រកាសរបស់ លោក ទួន យក់ដា អតីតសមាជិកអចិន្រ្តៃយ៍របស់អតីតគណបក្សសង្រ្គោះជាតិ ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែមករានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «គោលគំនិតរៀបចំ ចលនាសង្រ្គោះជាតិ ដើម្បីស្រោចស្រង់ស្ថានភាពនយោបាយនៅប្រទេសកម្ពុជា ដូចមានក្នុងទំព័រ Facebook របស់លោក សម រង្ស៊ី ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គឺស្ថិតនៅក្នុងដំណាក់កាលពិភាក្សាមិនទាន់ដាច់ស្រេច និងមិនទាន់សម្រេចនៅឡើយទេ។ ហេតុដូច្នេះរាល់សេចក្តីថ្លែងការណ៍ទាំងឡាយណា មិនបានសម្រេចនេះ ហើយមានឈ្មោះខ្ញុំបាទ គឺខ្ញុំបាទមិនទាន់ស្គាល់ឡើយ»

សូមបញ្ជាក់ថា ចលនាសង្រ្គោះជាតិនេះ ត្រូវបានប្រកាសបង្កើតឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ហើយដឹកនាំដោយ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ និង លោកស្រី ជូឡុង សូមូរ៉ា ជាដើម។ សេចក្តីថ្លែងការណ៍ ស្តីពីការបង្កើតចលនានេះ បង្ហាញថា ចលនា​នេះ​បង្កើតឡើង ដើម្បីទាមទារ​ឲ្យមាន​ការដោះលែង លោក​ កឹម ​សុខា និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោតដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​។

ភ្លាមៗនោះ អតីតសមាជិកបក្សប្រឆាំងប្រមាណ៥០នាក់ ដែលសុទ្ធសឹងតែជាបក្ខពួករបស់ លោក កឹម សុខា បានចេញសេចក្តីប្រកាសប្រឆាំងចំពោះចលនា ដែលបង្កើតឡើងដោយ ក្រុមរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះ។ ជាមួយគ្នានេះ អតីតសមាជិកបក្សប្រឆាំងទាំងនោះបានអះអាងថា ពួកគេនឹងមិនចូលរួម ជាមួយចលនានេះនោះឡើយ ហើយបន្តធ្វើសកម្មភាពក្រោមក្របខណ្ឌគណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា​ ជាប្រធាន៕