Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថវិកាឧបត្ថម្ភ២លានរៀលរបស់សម្តេច ស ខេង និងនាយឧត្តមសេនីយ៍ នេត​ សាវឿន ត្រូវបានប្រគល់ជូនគ្រូនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជាលោក ឈុន ប៊ុនធី ដែលកាត់ជើងខាងស្ដាំ ក្រោយកើតទឹកនោមផ្អែមធ្ងន់ធ្ងរ

09-01-2018 16:01

(ភ្នំពេញ)៖ ថវិកាឧបត្ថម្ភសរុបចំនួន២លានរៀល របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនលោកវរសេនីយ៍ឯក ឈុន ប៊ុនធី បម្រើការងារនៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ផ្នែកក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិកម្ពុជា និងជាគ្រូបង្រៀនលំហាត់របៀប ត្រូវបានអ្នកយកព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News លោក សៀ សៀកឡេង​ យកទៅប្រគល់ជូនផ្ទាល់ដៃនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ។

ថវិកាទាំង២លានរៀលខាងលើនេះ ត្រូវបានផ្តល់ជូនតាមរយៈស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ តំណាងសម្តេចក្រឡាហោម និងនាយអគ្គស្នងការនគរបាលជាតិ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជា តាមរយៈលោកឧត្តមសេនីយ៍ឯក ប្រាក់ ណារ៉ុង ក៏យកថវិកាឧបត្ថម្ភចំនួន៥០០ដុល្លារ ទៅប្រគល់ជូនលោក ឈុន ប៊ុនធី ផងដែរ​ ដើម្បីចូលរួមការចំណាយនានា លើថ្លៃព្យាបាល។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ឈុន ប៊ុនធី បម្រើការងារនៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ផ្នែកក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិកម្ពុជា និងជាគ្រូបង្រៀនលំហាត់របៀប បានសម្រេចកាត់ជើងខាងស្ដាំចោល ក្រោយមានដំបៅជើង និងកើតទឹកនោមផ្អែមធ្ងន់ធ្ងរ។

ក្រុមគ្រួសាររបស់លោកគ្រូ ឈុន ប៊ុនធី បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នលោក ឈុន ប៊ុនធី កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឍ ផ្នែកជំងឺទឹកនោមផ្អែម បន្ទាប់ពីក្រុមគ្រូពេទ្យបានសម្រេចកាត់ជើងរបស់លោកចោល កាលពីថ្ងៃទី០៤ ខែមករាកន្លងទៅនេះ។ បើតាមក្រុមគ្រួសាររបស់គ្រូនគរបាលរូបនេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺ លោកមិនបានទៅបន្ដការងារទៀតនោះទេ ពោលគឺលោកបានភ្ជួរឈ្មោះនៅកន្លែងធ្វើការ។

ចាប់តាំងពីពេលនោះមក ក្រុមគ្រួសាររបស់លោកវរសេនីយ៍ឯក ឈុន ប៊ុនធី ចាប់ផ្ដើមចំណាយថវិកាកាន់តែច្រើនទៅៗ ដើម្បីព្យាបាលរូបលោក ហើយរហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់ក៏កំពុងជួបការលំបាកផងដែរ និងកំពុងតែអំពាវនាវដល់ថ្នាក់នគរបាល ពិសេសថ្នាក់ដឹកនាំរាជបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ដើម្បីជួយឧបត្ថម្ភក្នុងការព្យាបាលបន្ដទៀត៕