Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខឹងម្ចាស់ដីឲ្យរើផ្ទះចេញ ជនសង្ស័យកាប់ម្ចាស់ដី៣ពូថៅ របួសធ្ងន់ហូរឈាមស្រោចខ្លួន

29-12-2017 15:09

(ព្រះវិហារ)៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅធ្វើការសង្គ្រោះ នៅឯមន្ទីរពេទ្យ ខណៈដែលបុរសរងគ្រោះរូបនេះ ត្រូវបានជនសង្ស័យកាប់ជាច្រើនពូថៅ ដោយសារតែជនរងគ្រោះ ឲ្យជនសង្ស័យរើផ្ទះចេញពីដីរបស់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៨៖៣០នាទីយប់ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ជុន បូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឲ្យដឹង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ថាមុនពេលកើតហេតុជនរងគ្រោះ បានទៅប្រាប់ជនសង្ស័យឲ្យរើផ្ទះចេញ ពីដីរបស់ខ្លួន ដែលជនរងគ្រោះបានសុំធ្វើ ស្នាក់នៅបណ្តោះអាសន្នរកស៊ី ដោយសារតែជនសង្ស័យមិនចង់រើខ្ទមក៏កើតទំនាស់ពាក្យសម្តីកើតឡើង ប្រកែកគ្នាតឹងសរសៃករៀងៗខ្លួន ភ្លាមនោះជនសង្ស័យបានស្ទុះ ទៅទាញបានពូថៅ កាប់លើជនរងគ្រោះស្រស់ៗ ហើយគេចចូលព្រៃបាត់ស្រមោលតែម្តង។

ចំណែកជនរងគ្រោះរងរបួសធ្ងន់ ហូរឈាមស្រោចខ្លួន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើការ សង្រ្គោះនៅមន្ទីរពេទ្យ។

លោក ជុន បូរ៉ា បានបន្តថា ជនរងគ្រោះមានឈ្មោះ គឹម រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានរង នៅការកាប់ត្រូវក្បាលពីរពូថៅ និងឆ្អឹងជំនីមួយពូថៅ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមចាប់ជនសង្ស័យយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់៕