Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកបញ្ជាក់ថា នៅសល់​ក្រុមសកម្មប្រយុទ្ធ ISIS មិនដល់១,០០០នាក់នោះទេ ​នៅអ៊ីរ៉ាក់ និងស៊ីរី

28-12-2017 00:58

(អ៊ីរ៉ាក់)៖ មានតិចជាង១,០០០នាក់ប៉ុណ្ណោះ នៃក្រុមសកម្មប្រយុទ្ធរបស់ក្រុមឧទ្ទាម ISIS ដែលនៅសេសសល់ ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដោយចំនួននេះ ស្មើនឹងមួយភាគបី នៃតួលេខដែលធ្វើការប៉ាន់ស្មាន កាលពីរយៈពេល៣សប្តាហ៍មុន, នេះបើតាមការបញ្ជាក់ពីក្រុមចម្រុះអន្តរជាតិដឹកនាំដោយ សហរដ្ឋអាមេរិក ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Sunni ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters ឲ្យដឹងនៅយប់ថ្ងៃទី២៧ ខែធ្នូនេះ។

គួររំឮកថា ប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានប្រកាសជោគជ័យដូចគ្នា លើក្រុមឧទ្ទាម ISIS នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

«នៅទីនោះ ត្រូវបានគេប៉ាន់ស្មានថា មានមិនដល់១,០០០នាក់នោះទេ នៃក្រុមភេរវករ ISIS នៅក្នុងតំបន់ប្រតិបត្តិការរួមគ្នារបស់យើង ដោយភាគច្រើននៃពួកគេ ត្រូវបានដេញតាមចាប់ខ្លួន នៅតំបន់វាលខ្សាច់ ស្ថិតនៅភាគខាងកើត ប្រទេសស៊ីរី និងភាគខាងលិចប្រទេសអ៊ីរ៉ាក់», នេះបើតាមក្រុមចម្រុះ បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។

តួលេខនេះមិនរួមបញ្ចូលទាំងតំបន់នៅភាគខាងលិច ប្រទេសស៊ីរី ដែលស្ថិតក្រោមការគ្រប់គ្រង ពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar Assad និងសម្ព័ន្ធមិត្តរបស់លោកនោះទេ៕