Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្សារទំនើប RIVER PLAZA ចាប់ផ្តើមបង្ហាញវត្តមាននៅក្រុងកំពង់ចាម គ្រោងផ្តល់ការងារដល់ពលរដ្ឋជាង៣០០នាក់

25-12-2017 15:07

(កំពង់ចាម)៖ ផ្សារទំនើបថ្មីមួយទៀតមានឈ្មោះថា RIVER PLAZA ដែលបាននិងកំពុងចាប់ផ្តើមសាងសង់ ត្រៀមបង្ហាញវត្តមាននៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបម្រើការងារជូនប្រជាពលរដ្ឋជាង៣០០នាក់ ក្រោយពីផ្សារទំនើបនេះ បានសាងសង់រួច។ នេះការថ្លែងរបស់លោក យឿង សារ៉ាត់ តំណាង ក្រុមហ៊ុន សុធារី អភិវឌ្ឍន៍។

លោក យឿង សារ៉ាត់ បានថ្លែងបែបនេះ ក្នុងឱកាសធ្វើពិធីសូត្រមន្ត ចាប់ផ្តើមការសាងសង់ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ខាងកើតផ្សាររាត្រី ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តំណាងក្រុមហ៊ុន សុធារី អភិវឌ្ឍន៍ លោក យឿង សារ៉ាត់ បានឲ្យដឹងថា ផ្សារទំនើបថ្មី ដែលត្រូវសាងសង់នេះមានឈ្មោះ RIVER PLAZA មានទំហ៊ំ២២០០ ម៉ែត្រការ៉េ ជាកម្មសិទ្ធិរបស់លោក ងួន វាសនា និងអ្នកស្រី សេង សុធារី ប្រធានក្រុម ហ៊ុន សុធារី អភិវឌ្ឍន៍។

លោកថា ផ្សារទំនើបនេះ និងសាងសង់រួចរាល់ជាស្ថាពរ នៅមុនខែមេសា ឆ្នាំ២០១៨ ហើយផ្សារទំនើបថ្មីនេះ ជាផ្សារទំនើបសហគមន៍ បានន័យថា ប្រជាពលរដ្ឋអាចមកទិញទំនិញបានគ្រប់ស្រទាប់វណ្ណៈ ក្នុងតម្លៃ សមរម្យ នូវទំនិញជាច្រើនមុខ ដែលអាចជួយសម្រួលដល់ប្រជាពលរដ្ឋ ចំនួន៤ខេត្ត៖ ខេត្តកំពង់ចាម កំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង មិនចាំបាច់ឡើងទៅរកទំនិញ នៅទីក្រុងភ្នំពេញ។

លោក យឿង សារ៉ាត់ បានឲ្យដឹងទៀតថា ផ្សារទំនើប RIVER PLAZA មានកន្លែង ហាងកាហ្វេ មានភោជនីយដ្ឋានតន្ត្រីកំសាន្ត (Sky Bar) កន្លែងលក់សាច់អាំង កន្លែងលក់សម្លៀកបំពាក់ខ្នាតធំ. កន្លែងកំសាន្ត កន្លែងលក់ថ្នាំពេទ្យ លក់វត្ថុអនុស្សាវរីយ៍ គ្រឿងតុបតែងខ្លួន និងគ្រឿងសំអាងផ្សេងៗ និងអាហារដ្ឋាន ដែលមានលក់ក្នុងតម្លៃសមរម្យជាងនេះទៅទៀត នៅមានកន្លែងសម្រាប់ធ្វើពិធីសម្ភោធ ផ្សេងៗផងដែរ ដែលផ្សារនេះត្រូវបានលោករំពឹងទុកថា និងមានភ្ញៀវពី៤០០០ ទៅ៥០០០នាក់ ក្នុងមួយថ្ងៃ៕