Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនផ្តល់ជំនួយ ២៨ លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅភ្នំពេញ និងបាត់ដំបង

19-12-2017 15:41

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយប្រមាណ ៣,១៧០ លានយ៉េន ស្មើនឹង២៨លានដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

ការចុះហត្ថលេខា លើការផ្តល់ជំនួយនេះ នឹងធ្វើឡើង វេលាម៉ោង ០៩៖៣០នាទីព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភាគីកម្ពុជា ចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភាគីជប៉ុន ចុះហត្ថលេខាដោយ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជាដោយរដ្ឋាភិបាលជប៉ុន ដើម្បីលើកកំពស់សមត្ថភាពធនធានមនុស្សកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ជាតិ៕