Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវ ឃួន សុដារី ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោកស្រី ហង់ ភារី ភរិយានៃសពលោក អ៉ឹម សិទ្ធី

08-12-2017 22:05

(ភ្នំពេញ)៖ លោកជំទាវ ឃួន សុដារី ប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ផ្ញើសារលិខិតចូលរួមមរណទុក្ខជូន លោកស្រី ហង់ ភារី ភរិយានៃសពលោក អ៉ឹម សិទ្ធី និងគ្រួសារ បន្ទាប់ពីលោក អ៉ឹម សិទ្ធី សមាជិកគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានទទួលមរណភាព កាលពីម៉ោង៤៖៤៥នាទី ព្រឹកថ្ងៃសុក្រ ០៥ រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

សារលិខិតរបស់ លោកជំទាវ ឃួន សុដារី បានលើកឡើងថា មរណភាពរបស់លោក អ៉ឹម សិទ្ធី គឺជាការបាត់បង់ស្វាមីដ៏ឧត្តុង្គឧត្តម ជាការបាត់បង់បិតាជីតាដែលប្រកដោយព្រហ្មវិហារធម៌ និងក៏ដូចជាការបាត់បង់នូវសហការីដែលបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។

ជាមួយនឹងការចូលរួមរុំលែកទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវ ឃួន សុដារី បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ និងបុត្រា បុត្រីព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេគជាទីបំផុត ។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៉ឹម សិទ្ធី បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»