Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ជនទំនើង៣នាក់ ដែលបានកាប់ប្រហារទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅក្រុងព្រះសីហនុ ត្រូវកម្លាំងនគរបាលចាប់ខ្លួន

08-12-2017 18:52

(ព្រះសីហនុ)៖ ជនទំនើង៣នាក់ ដែលបានធ្វើសកម្មភាពកាប់ប្រហារ ទៅលើជនរងគ្រោះម្នាក់ កាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្រុងព្រះសីហនុ បណ្ដាលរងរបួសនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែធ្នូ នៅមុខស្ថានីយ៌ប្រេងសូគីមិច ស្ថិតក្នុងក្រុមទី១១ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីហិង្សាកើតឡើង បង្កដោយជនសង្ស័យចំនួន៣នាក់ ទី១៖ឈ្មោះ ឯម ធឿន ហៅជា អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ សេន ចាន់ណា ហៅញ៉ាញ់ អាយុ១៧ឆ្នាំ និងទី៣៖ឈ្មោះ ឆន សង្ហា អាយុ២៧ឆ្នាំ។

ចំណែកជនរងគ្រោះឈ្មោះ ជ្រឹម មករា​​ អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នរស់នៅម្តុំសេតេ ភូមិ២ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ រងរបួសលើចិញ្ចើមខាងស្តាំ ពេលនេះកំពុងដេកសំរាកនៅមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ។

បើតាមចម្លើយសារភាពរបស់ឈ្មោះ ឯម ធឿន ហៅជា​ រូបគេធ្លាប់ធ្វើសកម្មភាពកាប់គ្នាជាមួយក្រុម K Boy នៅកន្ទុយនាគម្តងក្នុងអំឡុងខែតុលា ឆ្នាំ២០១៧ ជាមួយឈ្មោះ ចេក​, ឈ្មោះ​លី, ឈ្មោះ​ឆែប បណ្តាលឲ្យរងរបួសទាំងសងខាង និង​បានវ៉ៃគេម្តងនៅប៉ុន្មានថ្ងៃមុន (មិនចាំថ្ងៃក្នុងខែធ្នូ ឆ្នាំ២០១៧​នៅភូមិដូង) គឹជាមុខសញ្ញាអុកឡុក ក្នុងមូលដ្ឋានជាញឹកញ៉ាប់​​។​

របាយការណ៍របស់លោកឧត្តមសេនីយ៍ស្នងការ ក្រោយពេលឃាត់ខ្លួនកម្លាំងនគរបាលដកហូតបាន ម៉ូតូម៉ាកអ៊ែប្លែត ពណ៌ខ្មៅ​ស៊េរីឆ្នាំ២០១៤, ម៉ូតូម៉ាកHONDA C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ព្រះសីហនុ1C-0403 និងម៉ូតូម៉ាកសង់ប៊ិច HONDA C125 (កាំបន្ទះពណ៌ខ្មៅ) ពាក់ស្លាកលេខ​ស្វាយរៀង1D-0105។​ ក្រោយឃាត់ខ្លួនជនបង្កទាំង៣នាក់នោះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕