Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោកស្រី ហង់ ភារី ភរិយានៃសពលោក អ៊ឹម សិទ្ធី

08-12-2017 16:44

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០១៧នេះ ផ្ញើលិខិតចូលរួមមរណទុក្ខជូន លោកស្រី ហង់ ភារី ភរិយានៃសពលោក អ៊ឹម សិទ្ធី និងគ្រួសារ បន្ទាប់ពីលោក អ៊ឹម សិទ្ធី សមាជិកគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានទទួលមរណភាព កាលពីម៉ោង៤៖៤៥នាទី ព្រឹកថ្ងៃស្រុក ០៥ រោច ខែមិគសិរ ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មរណភាពរបស់លោក អ៊ឹម សិទ្ធី គឺជាការបាត់បង់ស្វាមី ដ៏ឧត្តុងឧត្តម ជាការបាត់បង់បិតាជីតា ដែលប្រកដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវសហការីដែលបានរួមសុខរួមទុក្ខ ជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។

ជាមួយនឹងការចូលរួមរុំលែកទុក្ខដ៏ក្រៀមក្រំនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា «ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ និងបុត្រា បុត្រីព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេកជាទីបំផុត ។ ភរិយាខ្ញុំ និងរូបខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹម សិទ្ធី បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕