BREAKING NEWS (Update): កម្មកររោងចក្រ EVC ម៉េងដាហ្វូតវៀរ សម្រេចបើកផ្លូវវេងស្រេងវិញហើយ ក្រោយបិទស្ទើរពេញមួយថ្ងៃ តែព្រមានថា នឹងបិទទៀតនៅថ្ងៃស្អែក បើសិនគ្មានដំណោះស្រាយ
01-12-2017 16:44
(ភ្នំពេញ)៖ គិតត្រឹមនៅវេលាម៉ោង០៤៖៣០នាទីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មកររោងចក្រ EVC ម៉េងដាហ្វូតវៀរ បានសម្រេចបើកផ្លូវវេងស្រេងវិញហើយ ក្រោយបិទផ្លូវនេះស្ទើរពេញមួយថ្ងៃ ដើម្បីតវ៉ាជាមួយខាងថៅកែរោងចក្រ។ នេះបើតាមលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ប្រាប់អង្គភាព Fresh News នៅមុននេះបន្ដិច។
ទន្ទឹមនឹងការសម្រេចបើកផ្លូវនេះ ក្រុមកម្មករទាំងអស់នោះ នៅតែព្រមានបន្ដបិទផ្លូវវេងស្រេងដដែល ប្រសិនបើខាងរោងចក្រ EVC ម៉េងដាហ្វូតវៀរ មិនបានដោះស្រាយតាមសំណូមពររបស់ពួកគាត់នោះទេ។
ប៉ុន្ដែទោះជាយ៉ាងណា អាជ្ញាធរ និងមន្ដ្រីជំនាញ បញ្ជាក់ថា ការទាមទាររបស់ក្រុមកម្មករទាំងនោះ មិនបានត្រឹមត្រូវតាមអ្វីដែលជាគោលការណ៍កំណត់ ក្នុងកិច្ចសន្យាការងារនោះទេ។
មូលហេតុដែលនាំឲ្យមានការបិទផ្លូវនេះ ដោយសារតែពួកគេតវ៉ាពីលក្ខខណ្ឌការងារមួយ៥ចំណុច ពីថៅកែរោងចក្រ រួមមាន៖ ទី១៖ លុយ៥%, ទី២៖ លុយអតិអភាពការងារ, ទី៣៖ លុយបំណាប់ឆ្នាំ, ទី៤៖ លុយជូនដំណឹង និងទី៥៖ លុយជំងឺចិត្ត។
ប្រធានសភាសហព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន ក៏បានបញ្ជាក់ផងដែរថា តាមព័ត៌មានដែលលោកទទួលបាន គឺក្រុមកម្មករចេញមកតវ៉ារហូតមានការបិទផ្លូវ ដោយខ្លួនឯងពុំមានក្រុមសហជីពមូលដ្ឋាន របស់រោងចក្រណាមួយ ទៅដឹកនាំនោះឡើយ ដោយការតវ៉ានេះបានកើតឡើងបន្ទាប់ពីលឺថា រោងចក្រគ្រោងដូរថៅកែ។
លោក សោម អូន ក៏បានអំពាវនាវឲ្យក្រុមកម្មករកម្មការិនីទាំងអស់ បើកចរាចរណ៍ឡើងវិញ ដើម្បីបម្រើប្រយោជន៍សាធារណៈដល់ប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ហើយការបិទផ្លូវនេះទៀតសោតជាអំពើខុសច្បាប់ ហើយនៅពេលខាងសហជីពអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ដ្រីក្រសួងការងារ បាននិងកំពុងជួយស្វែងរកដំណោះស្រាយផងដែរ៕