សូមកុំបើកបរស្ថិតក្រោមស្ថានភាពគ្រឿងស្រវឹង! ស្លាប់៤នាក់ និងរបួស២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញ
28-11-2017 06:36
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង រថយន្តតូច៥គ្រឿង និងរថយន្ដធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល២៧ថ្ងៃ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៥១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១២៩នាក់ របួសធ្ងន់ចំនួន២៥២នាក់ និងរបួសស្រាលចំនួន២៧៦នាក់៕