ប្រជាពលរដ្ឋ ជាង៧០០នាក់ ដែលមកទទួលសេវាពិនិត្យដោយគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដ ចុះជួយសង្កាត់ទឹកថ្លា ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង
26-11-2017 17:07
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ជាង៧០០នាក់ ដែលរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ បានមកទទួលសេវាពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ដ ចុះជួយសង្កាត់ទឹកថ្លា ដែលមានរដ្ឋមន្ដ្រីម៉ម ប៊ុនហេង ជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ, លោកសាស្ដ្រាចារ្យ ងី ម៉េង ជាប្រធានក្រុមការងារចុះជួយ សង្កាត់ទឹកថ្លា និងក្រុមគ្រូពេទ្យជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ងី ម៉េង បានថ្លែងថា «ការពិនិត្យជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងបរិវេណភូមិទឹកថ្លានេះ គឺធ្វើឡើង ដើម្បីលើកកម្ពស់សុខភាពរបស់ពួកគាត់ ពិសេសការចុះពិនិត្យនៅតាមទីតាំងក្បែរផ្ទះនេះ នឹងផ្ដល់ភាពងាយស្រួល សម្រាប់បងប្អូនមកពិនិត្យ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យនោះទេ តែបើពួកគាត់មានអាការៈមួយណាធ្ងន់ធ្ងរ យើងនឹងបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យភ្លាមៗ និងដោយឥតគិតថ្លៃ » ។
លោកសាស្ដ្រាចារ្យ ថ្លែងបន្ដថា «សម្រាប់ថ្ងៃនេះ អ្នកជំងឺជាង៧០០នាក់ ដែលមកពិនិត្យព្យាបាលជំងឺ ហើយមានការពិនិត្យជំងឺមានដូចជា៖ ជំងឺទូទៅ ជំងឺភ្នែក ជំងឺសើរស្បែក ត្រចៀក ច្រមុះ បំពង់ក ។ ហើយនេះមិនមែនជាលើកទីមួយទេ គឺយើងតែងតែធ្វើឡើង ជាច្រើនលើក ច្រើនសារហើយ ដោយនេះជាសេវាសុខាភិបាលមួយយ៉ាងល្អ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋយើង»។
ទន្ទឹមនឹងនោះផងដែរ ប្រជាពលរដ្ឋ ក៏បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង និងអរគុណចំពោះការយកចិត្ដទុកដាក់ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដ ចុះជួយសង្កាត់ទឹកថ្លា ដែលមានលោក ងី ម៉េង ជាប្រធាន និងរដ្ឋមន្ដ្រី ម៉ម ប៊ុងហេង ជាប្រធានការក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដ ចុះជួយខណ្ឌសែនសុខ រួមទាំងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតផងដរ៕