Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ វិស័យវេជ្ជសាស្ត្រនៅកម្ពុជា នៅខ្វះខាតធនធានមនុស្ស និងបរិក្ខាទំនើបៗ ប៉ុន្តែបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងខិតខំដើរឲ្យទាន់ នៅបណ្តាប្រទេស​ជឿនលឿន

24-11-2017 15:50

(ភ្នំពេញ)៖ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថា វិស័យវេជ្ជសាស្ត្រនៅកម្ពុជា នៅខ្វះខាតធនធានមនុស្ស និងបរិក្ខាទំនើបៗ ប៉ុន្តែបច្ចុប្បន្នរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណា ដើរឲ្យទាន់វិស័យវេជ្ជសាស្ត្រ នៅបណ្តាប្រទេសជឿនលឿន។

ការលើកឡើងបែបនេះ ក្នុងពិធី ទិវាសល្យសាស្ត្រ កម្ពុជា លើកទី២៣ ក្រោមការរៀបចំឡើង ដោយសមាគមសល្យសាស្ត្រកម្ពុជា សហការជាមួយប្រទេសបារាំង ដែលមានការអញ្ជើញ ចូលរួមពីវាគ្មិន ជំនាញផ្នែកសល្យសាស្ត្រ (វះកាត់) មកពីប្រទេសថៃ សឹង្ហបុរី អូស្ត្រាលី និងសហរដ្ឋអាមេរិក នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោក ធា គ្រុយ បានបញ្ជាក់យ៉ាងដូច្នោះថា និយាយជារួមលើផ្នែកវេជ្ជសាស្ត្រ និងនិយាយដោយឡែក លើផ្នែកសល្យសាស្ត្រ នៅក្នុងប្រទេសកម្ពុជា គឺនៅមានកម្រិតនៅឡើយពោល គឺនៅ ខ្វះខាតធនធានមនុស្ស ដោយសារកម្ពុជា បានបាត់បង់ធនធានមនុស្សសំខាន់ៗ នៅក្នុងសម័យសង្គ្រាម និងមួយទៀតនោះ គឺកម្ពុជានៅខ្វះខាតបរិក្ខាទំនើបៗ ដោយសារ វាមានតម្លៃថ្លៃ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ទៀតថា ប៉ុន្តែបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាលេខាធិការ បាននឹងកំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណា ឲ្យវិស័យសុខាភិបាលនៅកម្ពុជា មានការរីកចម្រើនបន្ថែមទៀត ដើម្បីដើរឲ្យទាន់នៅតាមបណ្តាប្រទេសជឿនលឿន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកសាស្ត្រាចារ្យ សុខ ប៊ុនថា ប្រធានសមាគមសល្យសាស្ត្រកម្ពុជា បានឲ្យដឹងថា ទោះបីនៅមានកង្វះខាត ប៉ុន្តែកម្ពុជា បាននឹងកំពុងឆ្ពោះទៅរកវិស័យវេជ្ជសាស្ត្រ ជាពិសេសផ្នែកសល្យសាស្ត្រនេះ ទៅកាន់ស្តង់ដារអន្តរជាតិជាជំហានៗ។ ​តំណាងឲ្យផ្នែកសល្យសាស្ត្រ លោកសាស្ត្រាចារ្យ សុខ ប៊ុនថា ប្តេជ្ញាបន្តពង្រឹងលើផ្នែកគុណភាព ឲ្យកាន់តែមាន ភាពប្រសើរឡើង។

គួរជម្រាបផងដែរថា សមាគមសល្យសាស្ត្រកម្ពុជា បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤។ ក្នុងអាយុកាល២៣ឆ្នាំកន្លងមកនេះ សមាគមបានបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ដល់ ក្រុមគ្រូពេទ្យ លើវិស័យសល្យសាស្ត្រនេះ ដោយឥតគិតថ្លៃ។ ហើយអ្វីដែលធ្វើឲ្យសមាគម មានភាពរឹងមាំ ឈររហូតមកដល់បច្ចុប្បន្ន គឺដោយសារមានការគាំទ្រ ពីសំណាក់ រាជរដ្ឋាភិបាល, មានការឯកភាព និងជួយគ្នាទៅវិញទៅមក នៅក្នុងសមាគម ព្រមទាំងមានការជួយគាំទ្រ ពីសំណាក់ក្រុមហ៊ុនឯកជនផងដែរ៕