កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ នៅខណ្ឌមានជ័យ ដែលចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់
23-11-2017 09:52
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជាលទ្ធផលនៃប្រតិបត្តិការនេះ បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន០៨នាក់ ស្រីម្នាក់ ដែលបានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារត្រឹមត្រូវ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្រោយឃាត់ខ្លួនបានបញ្ជូនជនជាតិវៀតណាម ទាំង៨នាក់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីបន្ត៕