Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ សន្យាជួយរ៉ាប់រងថ្លៃចំណាយ លើការសិក្សាប្អូនស្រី២នាក់ របស់កម្មការិនី ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

22-11-2017 19:07

(តាកែវ)៖ ពេលចុះសួរសុខទុក្ខកម្មករ-កម្មាការិនីរោងចក្រ ដែលជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តបណ្តាលឲ្យស្រ្តីកម្មការិនីម្នាក់ស្លាប់ និង១១៤នាក់ រងរបួសធ្ងន់ស្រាល នៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកបាទី និងបានអញ្ជើញទៅចូលរួមបុណ្យសពស្រ្តីកម្មការិនីនេះ ដល់លំនៅដ្ឋាននារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បានធ្វើការសន្យាជាមួយ និងក្រុមគ្រូសារស្រ្តីកម្មការីនីដែលស្លាប់ ដោយលោកនឹងជួយទំនុកបំរុងលើការសិក្សាប្អូនស្រីពីរនាក់ ឲ្យបន្តការសិក្សារហូតដល់បញ្ចប់មហាវិទ្យាល័យ។

ថ្លែងនៅចំពោះមុខក្រុមគ្រូសារស្រ្តីកម្មការិនី ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ បានថ្លែងថា ប្អូនស្រីពីរនាក់របស់កម្មករីនីដែលស្លាប់ លោកនឹងបង់ប្រាក់ថ្លៃការសិក្សានៅមហាវិទ្យាល័យវ៉ាន់ដា គណនេយ្យ រយៈពេល៤ឆ្នាំ និងឧបត្ថមថវិកាចំនួន២០ម៉ឺនរៀលជាងរៀងរាល់ខែ ដល់ប្អូនស្រីដែលកំពុងតែសិក្សានៅរាជធានីភ្នំពេញ ហើយប្អូនស្រីម្នាក់ទៀត ដែលកំពុងតែសិក្សាថ្នាក់ទី១០ លោកអភិបាលខេត្តសន្យាថា នឹងស្វែងរកអាហារូបរណ៍ផ្ដល់ឲ្យក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ។

ក្រៅពីបានសន្យាជួយទំនុកបំរុងចំពោះប្អូនស្រី២នាក់ របស់ស្រ្តីកម្មការីនីដែលស្លាប់ទៅ លោកអភិបាលខេត្ត ក៏បាននាំពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុកពីឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជូនបងប្អូនកម្មករកម្មការរីនីដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ និងគ្រូសាសព ព្រមទាំងបាននាំយកនៅថវិការបស់លោកឧបនាយករដ្ឋមន្ត្រីស្តីទី យកមកចែកជូនដល់កម្មករកម្មការរិនីចំនួន១១៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល ទឹកដោះគោឆៅមួយយួរ ដោយឡែក សម្រាប់ក្រុមគ្រូសារសព បានទទួលថវិការបស់លោក ប៊ិន ឈិន ចំនួន២លានរៀល ពីលោកអភិបាលខេត្តតាកែវផ្ទាល់ចំនួន១លានរៀល កាកបាទក្រហមចំនួន២លានរៀល និងពីបេឡាជាតិរបបសន្តិសុខសង្គមចំនួន៤លានរៀល៕