Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពេជ្រ ស្រស់៖ ការចាកចេញពី CNRP មកបង្កើតបក្សផ្ទាល់ខ្លួន គឺយើងមើលឃើញរួចជាស្រេច នូវជោគវាសនា CNRP

17-11-2017 10:34

(ភ្នំពេញ)៖ ប្រយោគខ្លីមួយ ដែលលើកឡើង ក្រោយតុលាការកត់ទោសរំលាយគណបក្សសង្រ្គោះជាតិនោះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានមើលឃើញតាំងពីគ្រាដំបូងថា ជោគវាសនារបស់ CNRP នឹងមានដូចពេលនេះ។

លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការដែលយើងសម្រេចចិត្តចាកចេញពីក្រុម CNRP មកបង្កើតក្រុមផ្ទាល់ខ្លួនរបស់យើងនោះ គឺយើងបានមើលឃើញរួចជាស្រេច ចំពោះជោគវាសនារបស់ CNRP ថានឹងមានលទ្ធផលដូចសព្វថ្ងៃនេះ»

លោកពេជ្រ ស្រស់ អតីតថ្នាក់ដឹកនាំយុវជនរបស់គណបក្សសង្រោះជាតិ បានបន្តទៀតថា «វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ក្រុមនៃយើង ដែលមកបង្កើតនូវក្រុមរបស់យើងផ្ទាល់បើទោះបីជា យើងមានគ្នាតិចក្នុងពេលបច្ចុប្បន្ននេះពិតមែន ប៉ុន្តែយើងនឹងរក្សាក្រុម របស់យើងមិនឱ្យសាបសូន្យនោះឡើយ ហើយយើងក៏បានព្រមព្រៀងគ្នារួចជា ស្រេចក្នុងការធ្វើដំណើរទៅតាមជំហានរបស់យើងដោយមិនប្រើយុទ្ធសាស្រ្តមហាលោតផ្លោះ មហាអស្ចារ្យនោះឡើយ»

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅដោយសារតែ ប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធ ឃុបឃិតជាមួយបរទេសក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ តុលាការកំពូលរបស់កម្ពុជា ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕