Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ នៃក្រសួងឧស្សាហកម្ម​ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំ កំពូលអាស៊ាន-អាមេរិក

15-11-2017 17:15

(ភ្នំពេញ)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងនៅចំពោះមុខ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៥ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ​«ប្រសាសន៍ដ៏ថ្លៃថ្លា និងមានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន នៅលើឆាកអន្តរជាតិនាពេលនេះ ពិតជាទទួលបាននូវការគោរព​ដ៏ធំធេងបំផុត ជាការតស៊ូមតិក្នុងផ្លូវការទូតដ៏វាងវៃ ដើម្បីផលប្រយោជន៍រួម មិនត្រឹមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ គឺដើម្បីសុខសន្តិភាពរបស់ពិភលោក ទាំងមូលផងដែរ។ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិមួយ ធានាបាននិរន្តភាព ដរាបណា ឯករាជ្យភាពជាតិ និងអធិបតេយ្យ​នៃប្រទេសជាតិនោះ ទទួលបានការការពារ និងការគោរពពេញលេញ។ បទពិសោធន៍ពីប្រទេស មួយចំនួន ដែលរងទុក្ខខ្លោចផ្សា ការបែកបាក់ជាតិ ការព្រាត់ប្រាស់គ្រួសារ ការខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធជាតិ និងការបន្តហែកហួរ​ ដោយដោយសង្គ្រាមស៊ីវិល គឺបណ្តាលមកពីការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងមនោគមន៍វិជ្ជាពិសពុលមកពីខាងក្រៅ។ បទពិសោធន៍ដ៏អាក្រក់នេះ រំលឹកយើងខ្ញុំទាំងអស់គ្នាឲ្យប្តេជ្ញា បន្តរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតរាល់មហិច្ឆតា ជ្រៀតជ្រែកពីខាងក្រៅដែលប៉ុនប៉ងបំផ្លាញស្មារតីជាតិ ដើម្បីយើងទាំងអស់រួបរួមគ្នា ការពារឲ្យបាននូវឯករាជ្យភាពជាតិ និងអធិបតេយ្យជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ ដើម្បីបន្តការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យូរអង្វែង នៅព្រះរាជាណាចក្រកម្ពុជា»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយ ផ្ទាល់មាត់ នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យពិចារណាបង្វែ​បំណុល ដែលកម្ពុជាជំពាក់អាមេរិក ក្នុងសម័យសង្រ្គាម នាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយ សម្រាប់អភិវឌ្ឍន៍កម្ពុជា។

ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាល ដ៏មានឥទ្ធិពលរបស់កម្ពុជា បានប្រកាសគាំទ្រពេញទំហឹង ចំពោះនយោបាយមិនជ្រៀតជ្រែក ដែនអធិបតេយ្យប្រទេសដទៃ​របស់ លោក ដូណាល់ ត្រាំ៕