Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបានជាមានកិច្ចពិធី «អកអំបុក» ?

03-11-2017 18:17

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌លោក រត្ន័ សណ្ដាប់ បានថ្លែងថា «អកអំបុក» ជាកិច្ចពិធីមួយស្ថិតក្នុងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប ដូចជាឆ្នាំ២០១៧នេះ កិច្ចពិធីអកអំបុក គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ត្រូវនិងថ្ងៃទី១៥កើតពេញបូណ៌មី ខែកក្ដិតនេះឯង។

ចំពោះកិច្ចពិធី «អកអំបុក» ចង់បញ្ជាក់ថា ឆ្នាំនេះកសិកម្ម ទិដ្ឋផលស្រូវមានភាពយ៉ាងបរិបូណ៍ហូរហៀរ។ ក្នុងគំនិតនេះទើបកិច្ចពិធីនេះគេហៅថា «អក» ព្រោះចង់សំដៅអំពីភាពហូរហៀរ យ៉ាងសុខសប្បាយឥតខ្វះខាតអ្វីទ្បើយ រហូតបន្ដដល់ឆ្នាំក្រោយទៀត។ ដោយហេតុនេះបានជាកិច្ចពិធីនេះ គេមិនហៅថា ញុំា ស៊ី ហូប ឬទទួលទាន នោះទេ។

លោក រត្ន័ សណ្ដាប់ បន្ដថា ចំពោះកិច្ចពិធី «សំពះព្រះខែ» ក៏ដូចគ្នាដែរ បានសេចក្ដីថា ចំពោះ «ព្រះខែ» សំដៅព្រះចន្ទពេញបូរមី ភាសាសំស្រ្ដឹត «បូណ៌» មានន័យថា «ពេញលេញ» គឺក្នុងគំនិតហូរហៀរ។ ហេតុនេះចំពោះកិច្ចពិធី «អកអំបុក សំពះព្រះខែ» តាមពិតគឺគំនិតតែមួយទេ គឺសំដៅអំពីភាពហូរហៀរនេះឯង ។

បើតាមក្បួនច្បាប់បុរាណខ្មែរ ពិធីអកអំបុក គឺគេរង់ចំាប្រារព្វដល់ព្រះខែរះពេញវង់ ចំពីលើក្បាល ទើបគេរៀបចំពិធីថ្វាយដល់ព្រះចន្ទដោយអមផ្លៃឈើ ដូង ចេក ចម្រុះគ្រប់មុខ ដើម្បីជាការដឹងគុណដល់ព្រះពោធិសាត់ ទ្រង់ចាប់យកកំណើតជាសសបណ្ឌិត «សត្វទន្សាយ» ដិតជាប់ក្នុងរង្វង់ព្រះចន្ទ ដូចយើងឃើញបច្ចុប្បន្ននេះ ពិសេសពិធីនេះ យើងក៏រៀបចំជូនដល់ឪពុក ម្ដាយ ជីដូនជីតា ញាត្ដិមិត្ដជិតឆ្ងាយ «អក» ដើម្បីជាការដឹងគុណ ក្នុងភាពសប្បាយរីករាយផងដែរ។ បើដូច្នេះចំពោះប្រពៃណីដាល់អំបុក អកអំបុក គឺបង្ហាញពីសាមគ្គីភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិយ៉ាងប្រពៃថ្លៃថ្លាបំផុត៕