Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការនគរបាលជាតិ៖ ថ្ងៃទី១ ព្រះរាជពិធីបុណ្យអុំទូក មានអ្នកចូលរួមទស្សនាកំសាន្ត ចន្លោះពី៥០ ទៅ៦០ម៉ឺននាក់, សភាពការណ៍ទូទៅប្រព្រឹត្តទៅល្អប្រសើរ

02-11-2017 21:14

(ភ្នំពេញ)៖ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៧ នេះមានប្រជាពលរដ្ឋចូលរួមកម្សាន្ត ប្រហាក់ប្រហែលនឹងឆ្នាំមុន គឺមានចន្លោះ ៥០ទៅ៦០ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា មកដល់ម៉ោងនេះសភាពការណ៍ទូទៅ មិនមានអ្វីកើតឡើងគួរឲ្យចាប់អារម្មណ៍នោះទេ ពាក់ព័ន្ធនឹងបទល្មើសនានា គឺដំណើរទៅយ៉ាងល្អប្រសើរ។

នាយឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ថា តាមការសន្និដ្ឋាន អ្នកចូលរួមទស្សនាកំសាន្ត សម្រាប់ ព្រះរាជពិធីបុណ្យអុំទូក មួយថ្ងៃនេះ មានពី៥០ទៅ៦០ម៉ឺននាក់។

តែយ៉ាងណានោះ នាយឧត្តមសេនីយ៍ស្នងការ បានអះអាងថា នឹងខិតខំប្រឹងប្រែង ការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យកាន់តែប្រសើររហូតដល់ថ្ងៃបញ្ចប់។

តាមរបាយការណ៍ខាងលើ ក្នុងថ្ងៃទី១នេះមានបទល្មើស លួច ១/៣លើក (ថយចុះ ២លើក) បណ្ដាលឲ្យបាត់ទូរសព្ទ ១គ្រឿង, គ្រោះថ្នាក់ផ្សេងៗកើតឡើង ១៤/៥លើក ក្នុងនោះមាន ផ្ទុះកំប៉ុងហ្គាស ១លើក របួស ៣នាក់(ក្មេង ១នាក់), វង្វេងម្ដាយ ៣លើក, លិចទូក ១០/២លើក។

ជាការកត់សម្គាល់ សម្រាប់ឆ្នាំនេះខ្យល់ និងរលកខ្លាំងបណ្ដាលឲ្យការលិចទូកមានកំណើន៨លើក ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

រីឯការជួយសង្គ្រោះពិនិត្យ និងព្យាបាលជម្ងឺ ១.៩២៣នាក់ (ស្រី ៣៨៩នាក់) ក្នុងនោះសង្រ្គោះបឋម ១៤៨នាក់, សង្គ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ២នាក់ និងបញ្ជូនទៅមន្ទីរពេទ្យ ៣នាក់(ស្រី ២នាក់) ។

គួរបញ្ជាក់ដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៧ នេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃគឺថ្ងៃ ១៤-១៥កើត និង១រោច ខែកក្ដិត ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ត្រូវនឹងថ្ងៃទី ០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានទូកចូលរួមប្រកួត ២៧០ទូក (ទូកអន្តរជាតិ ៧៨ទូក ស្រី ៣ទូក) ក្នុងនោះទូកអុំ ១៦៤ទូក (ស្រី ១ទូក), ទូកចែវ ២៨ទូក (ស្រី ២ទូក), ចំណុះទូកសរុប ១៧.៨៦៧នាក់ (ស្រី ២២០នាក់) ៕