សមត្ថកិច្ចចម្រុះខេត្តក្រចេះ បង្ក្រាបរថយន្ដដឹកឈើប្រភេទលេខ១ (ឈើសុក្រំ) ចំនួន៣គ្រឿង គ្មានច្បាប់អនុញ្ញាតនៅស្រុកស្នួល
30-10-2017 12:54
(ក្រចេះ)៖ សមត្ថកិច្ចចម្រុះខេត្ត ក្រោមបញ្ជាលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ បានតាមបង្រ្កាបរថយន្ដដឹកឈើប្រភេទលេខ១ (ឈើសុក្រំ) ចំនួន៣គ្រឿង គ្មានច្បាប់អនុញ្ញាត ក្នុងចំណោមរថយន្ដដឹកឈើជាង១០គ្រឿង តែរត់រួច និងទំលាក់ចោលជាច្រើនគ្រឿង។
ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ មានការដឹកនាំកម្លាំងដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងខេត្តក្រចេះ នាវេលាម៉ោង៣ទៀបភ្លឺឈាន ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះនៅចំនុចផ្ទះក្រហម ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា រថយន្ដទាំងនោះ ដឹកឈើចេញត្រើយម្ខាង នៃទន្លេដោយឆ្លងដរឬស្សីចារ ហើយចូលមកលាក់ទុក នៅភូមិទួលមនោរម្យ និងភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ លុះដល់ពេលយប់ស្ងាត់ មានឱកាសទើបពួកគេបន្ដដំណើរ យកទៅលក់នៅស្រុកស្នួល តែលើកនេះ មិនទាន់ដល់គោលដៅ ត្រូវកម្លាំងចម្រុះធ្វើបង្រ្កាបតែម្ដង។
ប្រជាពលរដ្ឋ បានបន្ថែមទៀតថា រថយន្ដទាំងនេះ តែងតែបើកបរជាក្រុម ប្រជែងគ្នាទៅវិញទៅមក ដោយរ៉េពេញផ្លូវ ធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច ក្នុងការធ្វើដំណើររួមលើផ្លូវជាមួយ។
លោក ស្រូយ ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ បានឲ្យដឹងថា រថយន្ដទាំង៣គ្រឿងនោះ ដឹកឈើប្រភេទលេខ១ គឺឈើសុក្រំ តែមិនទាន់ដឹង ចំនួនតួលេខនៅឡើយទេ ព្រោះមិនទាន់ធ្វើការវាស់វែង ព្រោះកម្លាំងលោកជាប់រវាល់ ចុះប្រមូលឈើតាមព្រៃផ្សេងទៀត ដោយហេតុរថយន្ដដឹកឈើ ជាច្រើនគ្រឿង ក្រោយពីកម្លាំងចម្រុះ តាមបង្ក្រាបឃាត់បានចំនួន៣គ្រឿងនោះ ក្រុមឡានមានការភ័យខ្លាច ក៏ចូលទំលាក់ចោលតាមព្រៃ ហើយកម្លាំងកំពុងដឹកជញ្ជូនយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ៕