ត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់២នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ
29-10-2017 07:44
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៦គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, កត្តាយានយន្ដ, មិនប្រកាន់ស្ដាំ និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថា រយៈពេល២៨ថ្ងៃ ខែតុលា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២០២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩៥នាក់ របួសធ្ងន់ចំនួន១៩៤នាក់ និងរបួសស្រាលចំនួន៧៣នាក់៕