រដ្ឋបាលខេត្តរតនគិរី រៀបចំព្រះរាជពិធីខួបលើកទី១៣ នៃការយាងគ្រងព្រះបរមរាជ្យសម្បត្តិ ព្រះមហាក្សត្រ នរោត្តម សីហមុនី
27-10-2017 17:00
(រតនគិរី)៖ នៅក្នុងឱកាសដ៏មហាជ័យមង្គល ថ្លៃថ្លាពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យខួបលើកទី១៣ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំព្រះរាជពិធីខួបលើកទី១៣ នៃការយាងគ្រងព្រះបរមរាជ្យសម្បត្តិព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងព្រះរាជពិធីនេះ ក៏មានការចូលរួមពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត នៅបរិវេណសាលាខេត្តរតនគិរី។
ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តរតនគិរី សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យ បួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទ្ធីបារមី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ បុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ សូមប្រោសប្រទានពរជ័យ ដល់ព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕