Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញារង សៀង សុខ កម្លាំងសមត្ថកិច្ចចំរុះ ចុះឆែកឆេរឃ្លាំងស្តុកឈើដ៏ធំ នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិវៀតណាម២នាក់, ដកហូតរថយន្ដ៣គ្រឿង និងឈើប្រណិតជិត៤តោន

24-10-2017 16:40

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចំរុះ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានចុះឆែកឆេរឃ្លាំងស្តុកឈើមួយកន្លែង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ និងដកហូតរថយន្ដ៣គ្រឿង ព្រមទាំងឈើប្រណិតជិត៤តោន។

ការចុះឆែកឆេរឃ្លាំងស្តុកឈើខាងលើនេះ ដឹកនាំកម្លាំងដោយលោកលោក អ៊ុន វណ្ណារិទ្ធ នាយរងរដ្ឋបាលព្រៃឈើភ្នំពេញ និងមានការចូលរួមពីលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ លោក យឹម សារ៉ាន់ អធិការខណ្ឌ លោក សើន កែវវណ្ណធី មេបញ្ជាការងអាវុធហត្ថខណ្ឌ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងលោក សៀង សុខ។

លោក អ៊ុន វណ្ណារិទ្ធ បានឲ្យដឹងថា ការចុះឆែកឆេរឃ្លាំងស្ដុកខាងលើ ដកហូតរថយន្តក្រុង១គ្រឿង រថយន្តស្ដារិចចំនួន២គ្រឿង និងដកហូតបានឈើប្រណិតចំនួន៣ប្រភេទ រួមមាន៖ ប្រភេទឈើនាងនួន ធ្នង់ និងគ្រញូង ជិត៤តោន ដែលជាឈើសន្លឹក នឹងកូនក្រឡឹង។

បច្ចុប្បន្ន ជនសង្ស័យជាជនជាតិវៀតណាមទាំង២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធី៕