Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ញាសិទ្ធ នឹងទម្លាយអាថ៌កំបាំង ពីទំនាក់ទំនង ជាមួយ សាន ស្រីឡៃ រហូតឈានដល់ការបាញ់សម្លាប់ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក ​របស់​តារា» នាល្ងាចថ្ងៃសៅរ៍នេះ

21-10-2017 12:54

(ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀង សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើង ដែលគេស្គាល់ថាជាប្ដីរបស់ខ្លួន បាញ់សម្លាប់យ៉ាងព្រៃផ្សៃរួចមក មរណភាពរបស់នាង​បានបន្សល់ទុក​ នូវរឿងរ៉ាវជាច្រើន ជាពិសេសគឺមូលហេតុរហូតឈានដល់ ការបាញ់ប្រហារ ដោយត្រូវបានគេអះអាងថា បណ្ដាលមកពីភ្លើងប្រច័ណ្ឌ។ អ្វីដែលជាមុខព្រួញយ៉ាងសំខាន់ នៅពេលនេះ គឺស្របពេលដែល សាន ស្រីឡៃ ត្រូវបានប្ដីរបស់ខ្លួន បាញ់ប្រហារ រូបភាពស្និទ្ធស្នាល​របស់នាងជាច្រើនសន្លឹក ជាមួយនឹងលោក កា បញ្ញាសិទ្ធ ក៏ត្រូវបានទម្លាយឡើង ធ្វើឲ្យមហាជន សង្ស័យថា លោកបញ្ញាសិទ្ធ អាចមានជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងឃាតកម្មនេះ។

តារាចម្រៀង និងសម្ដែង លោក កា បញ្ញាសិទ្ធ នឹងចូលខ្លួនមកបកស្រាយ ជុំវិញទំនាក់ទំនងស៊ីជម្រៅ ជាមួយនឹងអ្នកនាង សាន ស្រីឡៃ ដើម្បីឲ្យទស្សនិកជន ក៏ដូចជាមហាជន បានជ្រាប ខណៈដែលរឿងរ៉ាវ នៃការសង្ស័យនេះ កំពុងតែឡើងកម្ដៅ ហើយ​ទទួលបានការតិះតៀន បាញ់ចាក់ស្រោចយ៉ាងខ្លាំង ទៅលើលោកបញ្ញា​សិទ្ធ ដែលជាអ្នករស់​នៅ​ក្នុង​មជ្ឈដ្ឋាន​សិល្បៈដូចគ្នា។ តើលោក បញ្ញាសិទ្ធ ពិតជាមនុស្សទី៣ ដែលធ្វើឲ្យប្ដីរបស់ សាន ស្រីឡៃ កើតក្ដីប្រច័ណ្ឌ រហូតឈានដល់ការបញ្ចប់ជីវិតរបស់នាង ឬយ៉ាងណា?

ជុំវិញរឿងរ៉ាវ ដ៏រសើបទាំងអស់នេះ ប្រិយមិត្ត ក៏ដូចជាអ្នកទស្សនា នឹងជ្រាបច្បាស់តាមរយៈម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh news Radio នៅល្ងាចថ្ងៃសៅរ៍នេះ ដែលលោក បញ្ញាសិទ្ធ នឹងចូលខ្លួនមកបកស្រាយបញ្ជាក់។ ក្នុងនោះ កិច្ចសម្ភាសន៍ ក្នុងកម្មវិធីក៏មានការ Live ផ្ទាល់​ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី២១​ ខែតុលា ឆ្នាំ២០១៧នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង៧​ដល់ម៉ោង៨យប់ ថ្ងៃដដែល៕