Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់គៀបជាប់ស៊ីទែនរថយន្ដក្រឡុងស៊ីម៉ង់ ស្លាប់យ៉ាងវេទនា​ក្នុង​រោងចក្រលាយបេតុង «អេស៊ា»​ នៅខណ្ឌឬស្សីកែវ, គ្រូសារជនរងគ្រោះ អំពាវនាវឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌

20-10-2017 15:29

(ភ្នំពេញ)៖ បុរសវ័យ២០ឆ្នាំម្នាក់ ខណៈកំពុងវាយគោះស៊ីទែនរថយន្ដក្រឡុកស៊ីម៉ង់ ដើម្បីលាងសម្អាត និងវាយគោះឲ្យធ្លាក់កម្ទេចកម្ទី​ផ្សេងៗ ស្រាប់តែអ្នកបើកបរ បែរជាទៅបើកកុងតាក់ ធ្វើឲ្យស៊ីទែនរថយន្ដវិល ហើយទាញគៀបអូសជនរងគ្រោះចូលទៅក្នុង ក្រោមស៊ីទែនរើមិនរួច បណ្ដាលឲ្យគៀបកិនបែកសាច់ខ្ទេច​ស្លាប់យ៉ាងវេទនាជាទីបំផុត នៅក្នុងរោងចក្រលាយបេតុង «អេស៊ា» ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ១៨០០ ស្ថិតក្នុងក្រុម៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ ខាងលើនេះមានឈ្មោះ ភាព ប៊ុនហាង អាយុ២០ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន «អេស៊ា» បច្ចុប្បន្នស្នាក់នៅភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

មន្ត្រីនគរបាលមូលដ្ឋាន ដែលបានចុះពិនិត្យជាក់ស្ដែងក្នុងហេតុការណ៍នេះ បានបញ្ជាក់ថា បើតាមសាក្សី នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះឡើងទៅឈរខាងលើ ជាប់ស៊ីទែនរថយន្ដក្រឡុកស៊ីម៉ង់ ដើម្បីធ្វើការលាងសម្អាត និងវាយគោះឲ្យធ្លាក់កម្ទេចកម្ទី​ផ្សេងៗ ដោយពុំទាន់បានចុះមកខាងក្រោមផង ស្រាប់តែអ្នកបើកបរ បែរជាទៅចុចកុងតាក់ឲ្យវិលស៊ីទែន ទើបបួងអូសជនរងគ្រោះចូលទៅខាងក្នុង ក្រោមស៊ីទែនរើមិនរួច បណ្ដាលឲ្យកិនបែកសាច់ខ្ទេច​ស្លាប់ភ្លាមៗ យ៉ាងវេទនាជាទីបំផុត ខណៈអ្នកចុចកុងតាក់​បានរត់គេចខ្លួនបាត់ផងដែរ បន្ទាប់ពីកើតហេតុ។

ក្រោយកើតហេតុការណ៍ដ៏រន្ធត់នេះ គេសង្កេតឃើញ ថៅកែរោងចក្រលាយបេតុង «អេស៊ា» បានព្យាយាមលាក់បាំងពីសារព័ត៌មាន និងសមត្ថកិច្ច បើទោះបីសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីក៏ដោយ តែសូមស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណា ជួយអន្តរាគមន៍ស្រាវជ្រាវ​ដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យផង។

ប៉ុន្ដែបន្ទាប់បានធ្វើការស្រាវជ្រាវនោះ ជន​បង្កឈ្មោះ អេម ឌី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ​​ជាអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះជួលគ្មានផ្លូវ១៨០​០ ក្រុម៨ សង្កាត់ច្រាំងចំរេះទី២ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានផងដែរ៕