Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិវារំលឹកខួបនៃការបង្កើតអង្គការសហប្រជាជាតិ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៤ ខែតុលា នាវិទ្យាស្ថានជាតិបច្ចេកវិទ្យា

19-10-2017 17:14

(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ នឹងរៀបចំទិវាសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីរំលឹកខួបនៃការបង្កើត អង្គការសហប្រជាជាតិ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ បានចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ។

ទិវានេះនឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិបច្ចេកវិទ្យា ហើយនឹងមានការចូលរួមពីមហាជនពីគ្រប់មជ្ឈដ្ឋានរួមមាន វិស័យបច្ចេកវិទ្យា មកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ វិស័យឯកជន និងក្រុមយុវជនកម្ពុជា នឹងមកជួបគ្នាដើម្បីចែករំលែកនូវព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ របស់ពួកគេ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ដោយសារតែពិភពលោកសព្វថ្ងៃ កាន់តែមានទំនាក់ទំនងរវាងគ្នា ឆ្នាំនេះទិវាអង្គការសហប្រជាជាតិ នឹងប្រារព្ធឡើង ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយមួយ សម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»

បច្ចេកវិទ្យាដើរតួនាទីសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយពត៌មាន ចែករំលែកនូវចំណេះដឹង និង​គំនិតល្អៗ និងបម្រើ ដល់ការរស់នៅប្រចាំថ្ងៃ របស់មនុស្សគ្រប់គ្នា ជាអាទិដូចជាជួយដល់ការ ប្រកបការងារ ជួយមនុស្សដើម្បីពង្រឹង និងពង្រីកវិស័យទំនាក់ទំនង បង្កើនការទទួលបាននូវពត៌មានក៏ដូចជាការអប់រំ​ និងក្នុងកិច្ចការជាច្រើនទៀតដោយមានប្រសិទ្ធភាព។

ដូច្នេះបច្ចេកវិទ្យាមានតួនាទីសំខាន់ខ្លាំងមួយ ក្នុងកិច្ចការអភិវឌ្ឍន៍របស់ប្រទេសមួយ ក៏ដូចជាគាំទ្រដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពដែលយើងបានស្គាល់ថាជា SDG ផងដែរ។

សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មានគោលដៅទាំងអស់ចំនួន១៧ និងមានចំណុចដៅចំនួន១៦៩ ហើយអត្ថន័យនៃគោលដៅ ទាំងណឹងមានដូចជា៖ លុបបំបាត់ភាពក្រីក្រ ជម្រុញគុណភាពអប់រំ កាត់បន្ថយវិសមភាព ធានាឲ្យមានវិបុលភាព សម្រាប់មនុស្សគ្រប់គ្នាជាដើម។

គួរបញ្ជាក់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រូវបានប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ អនុម័តកាលពីខែកញ្ញា ឆ្នាំ២០១៥ នៅជំនួបកំពូលនៃសភាពេញអង្គរបស់ អង្គការសហប្រជាជាតិ ហើយគោលដៅទាំងនេះបានចូលជាធរមានចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ មកម្ល៉េះ។ ប្រទេសសមាជិកមួយៗ នៃអង្គការសហប្រជាជាតិមានរយៈពេល១៥ឆ្នាំ ដើម្បីសម្រេចឲ្យបាន នូវគោលដៅទាំងនេះ៕