Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នី មុន្នីនាថ មិន​ញញើតនឹងពាក្យបណ្ដឹង ប្ដឹង​ទាមទារ​ប្រាក់ ១២ម៉ឺនដុល្លារ ពី​អតីត​គូដណ្ដឹង បើ​ធ្ងន់ធ្ងរ​នាង​នឹង​ប្ដឹង​បកវិញ!

19-10-2017 12:45

(ភ្នំពេញ)៖ បន្ទាប់ពីមានរឿងរ៉ាវដ៏ចម្រូងចម្រាស រវាងតារាសម្ដែងសម្បុរខ្មៅស្រអែមតួទឹកភ្នែក កញ្ញា នី មុន្នីនាថ និងលោក អ៊ឹង សូឡាង ដែលត្រូវជាអតីតគូដណ្ដឹង ដោយភាគីខាងប្រុសបានដាក់ពាក្យបណ្ដឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្ដឹងពីបទឆបោកប្រាក់ និងរំលោភលើសេចក្ដីទុកចិត្តរួចមក ស្រីស្រស់ នាង នី មុន្នីនាថ ហាក់មិនចេញមុខប្រតិកម្ម នឹងពាក្យបណ្ដឹងណាមួយឡើយ ផ្ទុយទៅវិញ បែរជានិយាយយ៉ាងខ្លីថា នាងរង់ចាំតែតុលាការកោះហៅគ្រប់ពេល ទោះបីអតីតគូរដណ្ដឹងប្ដឹងទាមទារ ជាទឹកប្រាក់១២ ម៉ឺនដុល្លារ ក៏នាងមិនខ្លាចរអានឹងពាក្យបណ្ដឹង មួយនេះដែរ។

ថ្វីត្បិតតែមានរឿងរ៉ាវរកាំរកូស ក្នុងជីវិតស្នេហារបស់ នី មុន្នីនាថ ហើយនាងធ្វើមិនដឹងមិនឮ ប៉ុន្តែនាងនៅតែចេញទៅថតជាប្រចាំ ហើយក៏មិនចង់ឆ្លើយឆ្លងអ្វីច្រើននោះដែរ បើទោះជាអតីតគូដណ្ដឹងរបស់នាង បានដាក់ពាក្យបណ្ដឹងទៅតុលាការរួចហើយក្ដី។ នី មុន្នីនាថ ត្រឹមតែនិយាយយ៉ាងខ្លីថា នាងរង់ចាំតែតុលាការកោះប៉ុណ្ណោះ ព្រោះ ពុំមានករណីឆបោកណាមួយ ដូចដែលអតីតគូដណ្ដឹងនាង បានចោទប្រកាន់នោះឡើយ។

យោងតាមប្រភពព័ត៌មានមួយ ដែលស្និទ្ធស្នាលជាមួយគ្រួសារ នី មុន្នីនាថ បានបង្ហើបប្រាប់ឲ្យដឹងថា «នី មុន្នីនាថ មិនខ្លាចញញើតនឹងពាក្យបណ្ដឹង របស់អតីតគូដណ្ដឹងនាងឡើយ ពោលគឺរង់ចាំមើលតែតុលាការចេញដីកា កោះហៅនាងឡើងសវនាការតែប៉ុណ្ណោះ ហើយនាងបកស្រាយឲ្យភ្លឺភ្នែកតែម្ដងថា នរណាត្រូវនរណាខុស»

ប្រភពដដែលបានបន្តថា បើរឿងកាន់តែធ្ងន់ធ្ងរ នី មុន្នីនាថ មានគម្រោងការនឹងប្ដឹងបក ទៅអតីតគូដណ្ដឹងរបស់នាងវិញ ពីព្រោះ នាងក៏មានភស្តុតាងមួយចំនួន ដើម្បីវាយបកទៅលើអតីតគូដណ្ដឹងវិញផងដែរ។

គួរបញ្ជាក់ថា តារាសម្ដែង នី មុន្នីនាថ បានសាងវិថីស្នេហ៍ជាមួយអតីតគូដណ្ដឹង រយៈពេល៣ឆ្នាំមកហើយ។ ចំណែកឯអតីតគូដណ្ដឹងរបស់នាង បានចំណាយលុយអស់យ៉ាងច្រើន សន្ធឹកសន្ធាប់ ដើម្បីត្រៀមដឹកដៃអនាគតភរិយា ទៅរស់នៅសាងគ្រួសារ នៅលើទឹកដីនាយសមុទ្រ សហរដ្ឋអាមេរិក តែចុងក្រោយបែរជាមិនបានដូចបំណង ដោយភាគីទាំងសងខាង ត្រូវមានរឿងរកាំរកូស ខ្វែងគំនិតគ្នា រហូតហែកហួគ្នាមិនចេះចប់ ដល់ថ្នាក់លេចចេញពាក្យប្ដឹងប្ដល់គ្នា បែបនេះទៅវិញ៕