Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកស្អែកនេះជាថ្ងៃកំណត់ដែលតុលាការកោះហៅព្រះតេជគុណ ប៊ុត ប៊ុនតិញ ចូលបំភ្លឺ ពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ច័យបុណ្យសពលោក កែម ឡី

10-10-2017 16:32

(ភ្នំពេញ)៖ តាមការកំណត់ ព្រះតេជគុណ ប៊ុន ប៊ុនតិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ នឹងត្រូវចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីឆ្លើយតបនឹងបណ្តឹងរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ច័យបុណ្យសព លោកបណ្ឌិត កែម ឡី នាពេលកន្លងទៅ។

បើទោះជាយ៉ាងណារហូតមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានគេរាយការណ៍ថា មិនទាន់ត្រឡប់មកប្រទេសកម្ពុជានៅឡើយទេ ខណៈដែលព្រះអង្គបាន ចាកចេញពីកម្ពុជា ទៅក្រៅប្រទេស ដោយមិនកំណត់កាលបរិច្ឆេទត្រឡប់មកវិញ។ ពាក់ព័ន្ធនឹងករណីនេះ អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនង ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាននៅឡើយទេ។

សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ឱ្យចូលបំភ្លឺពាក់ព័ន្ធបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត ក្រោយពីមានពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានកំណត់ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងនៅថ្ងៃទី១១ ខែតុលា, លោក ប៉ា ងួនទៀត និងលោក មឿន តុលា ត្រូវកំណត់ឲ្យចូលទៅបំភ្លឺថ្ងៃ០៩ ខែតុលា ឆ្នាំ២០១៧ ។

ពាក់ព័ន្ធនឹងការកោះហៅនេះ លោក មឿន តុលា និងលោក ប៉ា ងួនទៀង បានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមិនកំណត់។ ចំណែកព្រះតេជគុណប៊ុត ប៊ុនតិញ មិនទាន់មានលិខិតណាមួយបញ្ជាក់អំពីការពន្យារពេលឬយ៉ាងណានោះទេ៕