ស្នងការខេត្តកំពង់ចាម បញ្ជាឲ្យកម្លាំងនគរបាល បន្ដបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់ក្នុងមូលដ្ឋានខេត្ត
04-10-2017 17:26
(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯក កុសល នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាលក្រោមឱវាទ បន្ដប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងក្រចាប់ ខាងត្បូងភូមិកោះចិនក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន។
លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លោកបានចាត់បញ្ជា អធិការស្រុកកោះសូទិន ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប សហការជាមួយក្រុមប្រឹក្សាឃុំ ដែលដឹកនាំផ្ទាល់ដោយគណៈបញ្ជាការឯកភាពស្រុក។
បើតាមលោកស្នងការ ជុំវិញរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញរបស់លោក បានដកហូត លូស្បៃមុងចំនួន៣មាត់, រនាំងព្រួលប្រវែង២២០ម៉ែត្រ និងបង្គោលឬស្សី៥៩ដើម ហើយត្រូវបានដឹកយកមករក្សាទុកនៅសាលាឃុំ។
សូមជម្រាបថា កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម ក៏បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្ដបន្ទាប់ ក្នុងស្រុកកោះសូទិន ដោយដកហូតបានវត្ថុតាងយ៉ាងច្រើន ដើម្បីដុតបំផ្លាញចោល និងប្រលែងកូនត្រីចម្រុះរាប់រយគីឡូក្រាមផងដែរ៕