Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ក ពេជ្ជរិទ្ធ ជួបសំណេះសំណាលជាមួយសិស្សជ័យលាភី ជាប់បាក់ឌុប និងដាស់តឿនឲ្យយុវជនទាំងអស់ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន

02-10-2017 11:05

(កណ្ដាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះ ជួយឃុំភូមិធំ ឃុំដីឥដ្ឋ និងឃុំគគីរ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ ចុះជួបសំណេះសំណាល និងប្រគល់ប្រាក់លើកទឹកចិត្ត ដល់សិស្សវិទ្យាល័យនៅស្រុកកៀនស្វាយ ដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប) នៅសម័យប្រលងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ និងដាស់តឿនដល់សិស្សានុសិស្ស ទាំងអស់ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដោយមានអ្នកចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សជិត៣០០នាក់។

លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា សូមកូនៗទាំងអស់ ត្រូវគិតគូពីអនាគត របស់ខ្លួនឲ្យច្បាស់ និងកុំធ្វើអ្វីផ្តេសផ្តាស់ដែលនាំឲ្យសង្គមស្អប់ខ្ពើមត្រូវចៀស ឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើជាកូនល្អ ដើម្បីឲ្យឪពុកម្តាយសប្បាយចិត្ត។ លោកក៏បានជំរុញឲ្យប្អូនៗ សិស្សជ័យលាភីទាំងអស់ត្រូវខិតខំប្រែង ដើម្បីក្លាយជាទំពំាងស្នងប្ញស្សី និងជាសសរទ្រូង នៃប្រទេសជាតិយើង។

លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់អំពីសារសំខាន់ នៃកត្តាសុខសន្តិភាព និងការអភិវឌ្ឍធនធានមនុស្ស ក្នុងការទាក់ទាញវិនិយោគិនបរទេស ឲ្យមកដាក់ទុក វិនិយោគនៅកម្ពុជា។

លោក ម៉ក់ ពេជ្ជរិទ្ធ បានផ្តល់ប្រាក់លើកទឹកចិត្ត ដល់សិស្សដែលបានប្រឡងជាប់ទាំងអស់ ក្នុងម្នាក់ៗទទួលបាន ទឹកប្រាក់២០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ៥ម៉ឺនរៀល ។ លោកបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ ដែលទាំងនេះកើតចេញ ពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេ៕