Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយផ្ទុះផាវស្លាប់កុមារម្នាក់! រដ្ឋបាលរាជធានីភ្នំពេញ បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករទាំងអស់ បញ្ឈប់ការប្រើប្រាស់ និងលក់ដូរផាវជាបន្ទាន់

21-09-2017 14:47

(ភ្នំពេញ)៖ បន្ទាប់ពីកើតមានករណីកុមារាម្នាក់ផ្ទុះផាវស្លាប់ និងមួយចំនួនទៀតរងរបួស នៅខណ្ឌពោធិ៍សែនជ័យ រួចមកនោះ, រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ បានអំពាវនាបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករទាំងអស់បញ្ឈប់ការប្រើប្រាស់ និងលក់ដូរផាវប្រភេទនេះជាបន្ទាន់ និងណែនាំក្មេងៗកុំឲ្យលេងផាវ ដែលអាចបង្កគ្រោះថ្នាក់។

តាមរយៈ Facebook ផ្លូវការរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវយ៉ាងដូច្នេះថា «ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករទាំងអស់បញ្ឈប់ការប្រើប្រាស់ និងលក់ដូរផាវប្រភេទនេះជាបន្ទាន់ ពិសេសសូមណែនាំកូនក្មួយកុំឲ្យលេង ដែលអាចបង្កគ្រោះថ្នាក់ដូចករណីខាងលើ។

រដ្ឋបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា «ប្រសិនបើបងប្អូន បានឃើញនៅមានការបន្តលក់ដូរផាវប្រភេទនេះទៀត សូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា»។

សូមជម្រាបថា នៅយប់វេលាម៉ោង៣៖៣០នាទី ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ មានករណីផ្ទុះផាវគ្រាប់បែកបណ្តាលឲ្យកុមារាម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងកុមារចំនួន៣នាក់ ផ្សេងទៀតរងរបួសស្រាល ស្ថិតនៅភូមិទួលលាភ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ៕