Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តតាកែវ៖ គុយទាវសសៃធំមានសាធាតុគីមីបូរ៉ាក់ ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ នៅតែបន្តដាក់លក់នៅលើទីផ្សារខេត្តតាកែវ

15-09-2017 12:30

(តាកែវ)៖ បើទោះបីជាអាជ្ញាធខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានកោះប្រជុំជាមួយមន្រ្តីជំនាញ និងអាជ្ញាធស្រុក ដែលមានទីតាំងផលិតគុយទាវសសៃធំ ឲ្យចុះទៅអប់រំម្ចាស់ទីតាំងកុំឲ្យដាក់សាធាតុគីមី នៅលើសសៃគុយទាវតទៅយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគុយទាវសសៃធំ ដែលមានសាធាតុគីមីបូរ៉ាក់នេះ នៅតែបន្តចរាចរណ៍ដាក់លក់នៅលើទីផ្សារក្នុងខេត្តដដែល ពោលគឺអាជ្ញាធស្រុកមិនបានអនុវត្តន៍ចុះទៅអប់រំដល់ម្ចាស់ទីតាំង លក់គុយទាវទាំងអស់នោះទេ។

ក្នុងការចុះទៅពិនិត្យទំនិញគ្រប់ប្រភេទ ដែលដាក់តាំងលក់នៅតាមទីផ្សារសំរោងយ៉ោង របស់ស្រុកបាទី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលខេត្តតាកែវ បានធ្វើការរឹបអូសគុយទាវសសៃធំនេះ ប្រមាណ១៤គីឡូដែលសាធាតុគីមីបូរ៉ាក់ និងខ្ងីហាន់រួច ប្រមាណ១០គីឡូ ដែលមានសាធាតុគីមីសូដ្យូមអ៊ឺដូ្យសូស្វីត។ ទំនិញទាំងពីរប្រភេទនេះ ត្រូវបានមន្រ្តីរបស់លោកដកហូតហើយ ក្រោយពីពិនិត្យឃើញមានសារធាតុគីមី យើងក៏បានយកទៅធ្វើការដុតបំផ្លាញចោលផងដែរ។

លោក ប៉ោ លាងគង់ បានថ្លែងឲ្យដឹងថា បញ្ហាគុយទាវបាញ់កាញ់សសៃធំ ដែលមានសាធាតុគីមីនេះ នៅពេលលោកបានចុះពិនិត្យទំនិញនៅតាមផ្សារនានា គឺបានរកឃើញមានសាធាតុគីមីបូរ៉ាក់នៅលើសសៃគុយទាវ ហើយកន្លងមកលោកបានចុះត្រួតពិនិត្យ ដល់កន្លែងផលិតនៅស្រុកត្រាំកក់ ហើយបានរកឃើញសាធាតុគីមីសម្រាប់ទុកដាក់លើគុយទាវផងដែរ។

បញ្ហានេះលោកបានរាយការណ៍មកអាជ្ញាធខេត្ត ហើយខាងខេត្តក៏បានធ្វើការកោះប្រជុំជាមួយមន្រ្តីពាក់ព័ន្ធជាពិសេស អាជ្ញាធស្រុកបាទី និងស្រុកត្រាំកក់និងជាម្ចាស់ទីតាំងផលិត ដើម្បីពិភាក្សាគ្នារកវិធីទប់ស្កាត់កុំឲ្យម្ចាស់ទីតាំងផលិតដាក់សាធាតុបូរ៉ា់នេះតទៅទៀត។

ក្នុងនោះអាជ្ញាធខេត្តក៏បានឲ្យអាជ្ញាធស្រុកចុះអប់រំណែនាំដល់ម្ចាស់ទីតាំងកុំឲ្យបន្តផលិតដោយដាក់សាធាតុគីមីនេះតទៅទៀតផងដែរ។ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ដែលកោះប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ មិនអាចសុំការបំភ្លឺបានទេនៅថ្ងៃនេះ។ បញ្ហាគុយទាវសសៃធំបាញ់កាញ់ដែលមានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកហូបធ្ងន់ធ្ងរនោះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លា លើអាជ្ញាធជាពិសេសអាជ្ញាធស្រុកបាទី និងស្រុកត្រាំកក់ ដែលមានទីតាំងផលិត។ ព្រោះខាងមន្រ្តីជំនាញកាំកុងត្រូលបានធ្វើលិខិតប្រាប់ ពីផលប៉ះពាល់ហើយតែអាជ្ញាធស្រុក មិនបានចាត់វិធានការណ៍ចុះទៅអប់រំណែនាំ ឬបិតទីតាំងផលិតនោះទេ ដោយបណ្ដោយឲ្យមានការផលិត ជាប្រចាំ និងដាក់លក់លើទីផ្សារយ៉ាងរំភើយ។ បើតាមប្រជាពលរដ្ឋប្រហែលអាជ្ញាធរស្រុកទាំង២ខាងលើ បានទទួលផលប្រយោជន៍ពីម្ចាស់ទីតាំងផលិតនោះ ហើយមើលទៅទើបមិនមានវិធានការណ៍៕