Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មកពីទិញគ្រឿងញៀនប្រើប្រាស់ ខណៈមិនទាន់បានជក់ផង ស្រាប់តែជាប់ខ្នោះ ត្រូវនគរបាលខណ្ឌជ្រោយចង្វារ៤នាក់ ថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង

14-09-2017 12:41

(ភ្នំពេញ)៖ លោក អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នាយផ្នែកគ្រឿងញៀន លោក ស៊ឹម សាវ៉ាត ដែលជាអ្នកដឹកនាំសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ និងនគរបាលប៉ុស្ដិ៍ព្រែកលៀប បានធ្វើការល្បាត ពួនស្ទាក់ក្នុងភូមិសាស្ត្រ រហូតឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ ក្រោយពីពួកគេទើបតែមកពីទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់កាលពីម៉ោងជាង២១ ដល់ម៉ោង២៣យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខA ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ក្រោយទទួលផែនការពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ ក្នុងការសហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ដើម្បីយាមល្បាតរក្សាសន្តិសុខតាមគោលដៅនីមួយៗ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនៅពេលរាត្រី ស្រាប់តែជួបប្រទះឃើញនិងគួរឲ្យសង្ស័យលើ ពួកគេទាំង៤នាក់ ដែលជិះម៉ូតូ២គ្រឿង ទើបធ្វើការឃាត់ត្រួតពិនិត្យ បានរកឃើញក្រាមសថ្លា ជាថ្នាំញៀន២កញ្ចប់តូច ខណៈទើបតែមកពីទិញ ដើម្បីយកទៅធ្វើសកម្មភាពប្រើប្រាស់ ដោយមិនទាន់ទាំងបានទៅដល់គោលដៅផង ក៏ត្រូវកម្លាំងជំនាញសហការបង្ក្រាបឃាត់ខ្លួនតែម្ដង។

ជាមួយគ្នានោះ លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វារ ក៏បានឲ្យដឹងផងដែរថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ទី១៖ ឈ្មោះ ធិន ធូ ភេទប្រុស អាយុ៣៥ឆ្នាំ ទី២៖ ឈ្មោះ ចាន់ វីរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនសង្ស័យទាំង២នាក់ ជាកម្មករសំណង់ បានជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពម៉ាកហុងដា សង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ១FD-១៥៣៦ និងស្នាក់នៅភូមិកកោះ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទី៣៖ ឈ្មោះ អាត លីន ភេទប្រុស អាយុ១៨ឆ្នាំ ទី៤៖ ឈ្មោះ ជឿន រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរជាកសិករ បានជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១BQ-៥៥០៧ និងស្នាក់នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបញ្ជូនមកសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕