គ្រោះទឹកជំនន់កំពុងវាយលុកស្រុកស្ទោង ប៉ះពាល់ពលរដ្ឋរាប់សិបគ្រួសារ ថ្ងៃនេះអភិបាលខេត្តកំពង់ធំ ចុះទៅពិនិត្យផ្ទាល់ និងណែនាំឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
31-08-2017 17:30
(កំពង់ធំ)៖ បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរស្រុកស្ទោងភ្លាមៗ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានចុះទៅពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅឃុំបន្ទាយស្ទោង ឃុំទ្រា និងឃុំរុងរឿង ស្ថិតនៅស្រុកស្ទោង។
ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ លោក សុខ លូ បានសាកសួរអាជ្ញាធរ ស្រុក ឃុំ និងប្រជាពលរដ្ឋដែលនៅតំបន់នេះ លើកឡើងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅពេលនេះ គឺមិនទាន់ធ្ងន់ធ្ងរ ដូចនៅឆ្នាំ២០១១នោះទេ ហើយការលិចលង់នេះ ទើបតែមានរយៈពេល២-៣ថ្ងៃតែប៉ុណ្ណោះ។
អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ជំនន់ទឹកភ្លៀងនេះ មិនមែនលិចលង់តែនៅស្រុកស្ទោងនោះទេ គឺមានការលិចលង់នៅតាមបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនទៀត នៅក្នុងខេត្តកំពង់ធំ ដូច្នេះសូមលោកអភិបាលក្រុងស្រុក ត្រូវតាមដានស្ថានភាពទឹកជំនន់នេះ ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីចាត់វិធានការ ចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោក សុខ លូ បានផ្តាំផ្ញើដល់ពលរដ្ឋ ត្រូវខិតខំប្រកបមុខរបបរបន្ថែមទៀត និងដាំបន្លែបង្ការវិលជុំ ដើម្បីជួយសម្រួលដល់ការរស់នៅ របស់បងប្អូនឲ្យកាន់តែប្រសើរឡើង ម្យ៉ាងវិញទៀត សូមបងប្អូនក៏ត្រូវប្រុងប្រយ័ត្ន ពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើ និងពពួកសត្វមានពឹសជាដើម៕