Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី វង សូត ជំរុញឱ្យមន្រ្តីក្រោមឱវាទ ពង្រឹងតួនាទី និងការងារឲ្យបានល្អបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយគាំពាសង្គម

30-08-2017 12:44

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងជំរុញ ទៅដល់មន្រ្តីក្រសួងសង្គមកិច្ចទាំងអស់ ឱ្យពង្រឹងតួនាទី និងការងារឲ្យបានល្អថែមទៀត ដោយថាក្រសួងមានតួនាទីច្រើនណាស់ ជាពិសេសក្នុងការអនុវត្តគោលនយោបាយគាំពាសង្គម។ លោកថ្លែងថា ចាប់ពីពេលនេះតទៅ ចំនួនមនុស្សចាស់ក៏មានការកើនឡើងច្រើន ដូចនេះ ការទទួលខុសត្រូវលើការងារ ក៏មានច្រើនដូចគ្នាដែរ។

រដ្ឋមន្រ្តី វង​ សូត បន្ថែមថា សម្រាប់ពេលអនាគត ក្រសួងសង្គមកិច្ច មានការងារជាច្រើនដែលត្រូវធ្វើ ដូចនេះស្នើសុំ ឲ្យដៃគូពាក់ព័ន្ធ និងអង្គការ ចូលរួមសហការឲ្យបានល្អ ដើម្បីការងារទទួលបានជោគជ័យ ហើយបច្ចុប្បន្នក្រសួង បានសម្របសម្រូលជាមួយស្ថាប័ន និងក្រសួងផ្សេងៗទៀត ទៅលើការអនុវត្តគោលនយោបាយ គាំពាសង្គម ថ្មី នាពេលនេះ។

ការលើកឡើងរបស់រដ្ឋមន្រ្តី បានធ្វើឡើងខណៈ លោកមានជំនួបជាមួយ លោកស្រី ដេបូរ៉ា កូមីនី Debora Comini នាយិកាមូនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ ( Unicef) ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាគ្នាពីគោលនយោបាយគាំពាសង្គមថ្មី និងពិភាក្សាពីតួនាទីរបស់ក្រសួង ក្នុងការអនុវត្តលើគោលនយោបាយថ្មី។

ទាក់ទងនឹងការងារគោលនយោបាយគាំពាសង្គម រដ្ឋមន្រ្តី វង​ សូត បានលើកឡើងថា ក្រសួងសង្គមកិច្ច ក៏កំពុងបំពេញការងារ ទាក់ទងច្បាប់ យុត្តិធម៌ និងអនីតិជន ឲ្យបានល្អថែមទៀត ហើយភ្នាក់ងារសង្គមកិច្ច ត្រូវផ្តល់សេវាកម្ម ត្រួតពិនិត្យលើបទល្មើសរបស់អនីតិជន នៅតាមសហគមន៍ អបរំណែនំាជាដើម។

លោកស្រី ដេបូរ៉ា កូមីនី សម្តែងការពេញចិត្ត ទៅលើរដ្ឋមន្រ្តី វង សូត ដោយសារតែលោកស្រីសម្លឹងឃើញថា លោករដ្ឋមន្រ្តី មានការតាំងចិត្តខ្ពស់ និងមានផែនការច្បាស់លាស់ និងបានដឹងច្បាស់ថាអ្វី ដែលត្រូវធ្វើ ក្នុងការអនុវត្តគោលនយោបាយថ្មីនេះ។ ដូចនេះជំហានបន្ទាប់ត្រូវធ្វើយ៉ាងម៉េច ឲ្យគម្រោងថ្មីនេះ អនុវត្តទៅមានប្រសិទ្ធភាព និងរលូនទៅមុខ។

លោកស្រីបន្តថា នេះជារឿងវិជ្ជមាន ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់គោលនយោបាយគាំពាលើស្រ្តី និង កុមារ ហើយនេះ វាក៏ជាតួនាទីរបស់ មូនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (Unicef) ប្រចាំនៅប្រទេសកម្ពុជា ក្នុងការធ្វើកិច្ចការនេះ ជាមួយក្រសួងសង្គមកិច្ច។

នាយិកា Unicef រូបនេះបន្តថា សម្លឹងមើលពីស្ថានភាព ស្រ្តី និងកុមារ នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរច្រើន បើប្រៀបធៀប ទៅនឹងស្ថានភាពស្រ្តី និងកុមារ កាលពីមុន។លោកស្រីបន្តថា Unicef មានគោលដៅវ័យឆ្ងាយ ដោយផ្តោតសំខាន់ទៅលើស្រ្តី​និងកុមារ និងមានគោលដៅ ធ្វើយ៉ាងណាឲ្យស្ថានភាពស្រ្តី និងកុមារ កាន់តែល្អប្រសើរ និងដើរទាន់ប្រទេសដទៃទៀត ដែលមានស្ថានភាព ស្រ្តី និងកុមារល្អប្រសើរជាងកម្ពុជា។

រដ្ឋមន្រ្តី វង​ សូត បានបញ្ជាក់ថា គោលដៅចម្បង របស់ក្រសួងសង្គមកិច្ច គឺការអនុវត្តការងារប្រកប ដោយប្រសិទ្ធភាព តែលោករដ្ឋមន្រ្តីក៏ទទួលស្គាល់ថា អាចនឹងមានចំណុចខ្វះខាតនៅមានមិនអាចជៀសវាងបាន តែយ៉ាងណា មន្រ្តីរបស់ក្រសួងទាំងអស់ នឹងខិតខំបំពេញការងាររបស់ខ្លួនទៅតាមតួនាទី ដើម្បីឲ្យការងារ ទទួលបានលទ្ធផលល្អ៕