Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលប្រឆាំងគ្រឿងញៀន ចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញឿនឆ្លងដែនយ៉ាងសកម្មនៅម៉ាឡេស៉ី ដែលរត់មកលាក់ខ្លួននៅកម្ពុជាជាង២ឆ្នាំ

24-08-2017 12:52

(ភ្នំពេញ)៖ មេក្លោងជួញដូរគ្រឿងញៀនម្នាក់ ដែលជួញដូរគ្រឿងញៀនឆ្លងដែនយ៉ាងសកម្ម នៅម៉ាឡេស៉ី ដែលបានមកលាក់ខ្លួននៅកម្ពុជារយៈពេល២ឆ្នាំនោះ ត្រូវបាននគរបាលកម្ពុជា ចាប់ខ្លួនបាន និងត្រៀមបញ្ជូនទៅប្រទេសម៉ាឡេស៉ី ដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក អ៉ិន សុង សេនាធិការនៃមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែសីហានេះថា មេក្លោងជួញដូរគ្រឿងញៀនរូបនេះ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) សហការជាមួយកម្លាំងជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនគរបាលអន្តរជាតិ (Interpol) បានស្រាវជ្រាវ ស៊ើបអង្កេត ឈានដល់ការឃាត់ខ្លួន នៅវេលាម៉ោង២៖៥០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុច នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេស្តន៍ និងបច្ចេកវិទ្យា។

លោកវរសេនីយ៍ឯកបានបញ្ជាក់ថា «មេក្លោងជួញដូរគ្រឿងញៀនរូបនេះ បានជួញដូរគ្រឿងញៀន នៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ហើយរូបគេបានរត់គេចខ្លួន មកលាក់ខ្លួននៅប្រទេសកម្ពុជា ដោយយើងមានការសហការជាមួយនគរបាលអន្តរជាតិ ហើយជនសង្ស័យរូបនេះ មាននិវេទន៍ក្រហម តាមចាប់ខ្លួនទៀត យើងធ្វើការស្រាវជ្រាវជាង២ឆ្នាំ ទើបឃាត់ខ្លួនបាននេះ»

លោកវរសេនីយ៍ឯក អ៉ិន សុង បន្តថា «សម្រាប់ចំណាត់ការបន្ត យើងនឹងសហការជាមួយប្រទេសម៉ាឡេស៉ី និងនគរបាលអន្តរជាតិ ដើម្បីបញ្ជូនមេក្លោងជួញដូរគ្រឿងញៀនរូបនេះ ទៅទទួលទោសនៅប្រទេសម៉ាឡេស៉ី»

សូមជម្រាបថា មេក្ខោងជួញដូរគ្រឿងញៀនឆ្លងដែនរូបនេះ មានឈ្មោះ Freeman Selby Dean ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនូវែលហ្សេឡែន កាន់លិខិតឆ្លងដែនលេខ ៥៤៣០៥៧៤៩០៕