Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យម្ចាស់ផ្ទះជួល កុំឲ្យដំឡើងថ្លៃឈ្នួល ពេលកម្មករឡើងប្រាក់ឈ្នួល, សម្តេចបង្ហើបគ្រោងចង់សាងសង៥ម៉ឺនបន្ទប់ជូនកម្មករស្នាក់នៅ (Video inside)

23-08-2017 17:00

(ភ្នំពេញ)៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅតែបន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួល កុំឲ្យដំឡើងថ្លៃឈ្នួល ពេលកម្មករឡើងប្រាក់ឈ្នួល។ នេះមិនមែនលើកទី១នោះទេ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវ គឺរៀងរាល់ពេលដែលកម្មករ កម្មការិនី បានតំឡើងប្រាក់ខែ។ (សូមស្តាប់ប្រសាសន៍)

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីបំណងចង់សាងសង់បន្ទប់ប្រមាណ៥ម៉ឺនបន្ទប់ សម្រាប់ឲ្យកម្មករស្នាក់នៅផងដែរ។

ប្រសាសន៍របស់នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង ខណៈសម្តេចតេជោ បានជួបសំណេះសំណាល ជាមួយ កម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺននាក់ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ នៅតំបន់សេដ្ឋកិច្ច ពិសេស ភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្លែងនៅចំពោះមុខកម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ យ៉ាងដូច្នេះថា «អំពាវនាវដល់ម្ចាស់ផ្ទះ ដែលជូនឲ្យកម្មករ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស សូមមេត្តាកុំដំឡើងថ្លៃជួលផ្ទះខ្ពស់ហួសហេតុ លឺតែប្រាក់ខែ លឺតែឡើងប្រាក់ខែ ខ្លួនឯងឡើងដែរ ឡើងមុនទៅទៀត ឡើងនោះ ឡើងមិនចេះគិត ចឹងសូមអំពាវនាវ ហើយខ្ញុំគិតថា មានពេលណាមួយ គិតរកកន្លែងណាមួយធ្វើតែម្តង លេង៥ម៉ឺនបន្ទប់ ៥ម៉ឺនបន្ទប់ដាក់តែម្តង មើលក្រុងគិតមើលៗ រកដីកន្លែងណាមួយ ដាក់៥ម៉ឺនបន្ទប់ម៉ង់ ធម្មតាកម្មកររបស់យើងចឹង យើងជួលថោកៗ ឲ្យព្រឹកឡើងដឹកគាត់ទៅធ្វើការ»

ជាការកត់សំគាល់សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាល បានអំពាវនាវយ៉ាងទទូចស្ទើរៀងរាល់ឆ្នាំ កុំឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលដល់កម្មករ កម្មការិនី នៅអំឡុងពេល ពួកគាត់ឡើងប្រាក់ខែ។ សម្តេចតេជោបញ្ជាក់ថា ការធ្វើបែបនេះហាក់មិនសមរម្យឡើយ សម្រាប់កម្មករ កម្មការិនី ហើយវាហាក់បញ្ជាក់ឲ្យឃើញថា នេះជាការឆ្លៀតឪកាសរបស់ម្ចាស់ផ្ទះជួលមួយចំនួន ក្នុងន័យទាញយកផលប្រយោជន៍ខ្លួនឯង៕