នៅរសៀលនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន នឹងអញ្ជើញដាក់ឲ្យដំណើរការអគ្គនាយកដា្ឋនស្រាវជ្រាវចារកិច្ច, លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ត្រូវតែងតាំងជាអគ្គនាយក
23-08-2017 13:54
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នឹងអញ្ជើញជាអធិបតីភាព ប្រកាសដាក់ឲ្យដំណើរការអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ចំណុះឲ្យក្រសួងការពារជាតិ ហើយលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ក៏ត្រូវបានតែងតាំង ឲ្យចូលកាន់តំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានមួយនេះផងដែរ។
មន្ត្រីយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ បានឲ្យដឹងថា អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ចំណុះឲ្យក្រសួងការពារជាតិ ដែលត្រូវបានដំឡើងពីនាយកដ្ឋានស្រាវជ្រាវចារកិច្ចមកនោះ គឺគ្រប់គ្រង និងដឹកនាំលើនាយកដ្ឋានចំនួន៥។
សូមបញ្ជាក់ថា នាយកដ្ឋានស្រាវជ្រាវចារកិច្ចពីមុន ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ល់ រឿប ប៉ុន្តែក្រោយទទួលមរណភាពនៅឆ្នាំ២០១១ ក្រសួងការពារជាតិ បានតែងតាំងនាយឧត្តមសេនីយ៍ ជា តារា ដឹកនាំ និងគ្រប់គ្រងបន្ត លុះមកឆ្នាំ២០១៥ នាយកដ្ឋានមួយនេះ ត្រូវបានផ្ទេរភារកិច្ចជូនលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ដើម្បីឲ្យដឹកនាំ និងគ្រប់បន្តវិញ៕