Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹងអ្នកធ្លាប់បាត់ម៉ូតូ និងរថយន្ត! ប្រតិបត្តិការចុះឆែកតាមឃ្លាំងបញ្ចាំរថយន្ដ-ម៉ូតូ នៅខណ្ឌសែនសុខ និងខណ្ឌទួលគោក រកឃើញម៉ូតូ​-រថយន្ដជិត១០០គ្រឿងគ្មានឯកសារ សមត្ថកិច្ចអំពាវនាវរកម្ចាស់កម្មសិទ្ធិ

19-08-2017 12:21

(ភ្នំពេញ)៖ ប្រតិបត្តិការចុះឆែកតាមឃ្លាំងទទួលបញ្ចាំរថយន្ដ-ម៉ូតូ ពេញមួយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចរកឃើញរថយន្ដ និងម៉ូតូប្រមាណ១០០គ្រឿងគ្មានឯកសារត្រឹមត្រូវ នៅក្នុងខណ្ឌសែនសុខ និងខណ្ឌទួលគោក ហើយកំពុងអំពាវនាវរកម្ចាស់កម្មសិទ្ធិមកទទួលយកវិញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូ និងរថយន្តនាពេលកន្លងមក ដោយសារអំពើប្លន់ លួច កាច់ក និងឆបោកជាដើម។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំពីគណៈបញ្ជាការឯកភាពទាំង១២ខណ្ឌ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាផងដែរ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជុំវិញប្រតិបត្តិការនេះនៅខណ្ឌទួលគោក កម្លាំងសមត្ថកិច្ចរកឃើញម៉ូតូ៥២គ្រឿង និងរថយន្ដ២គ្រឿង ដោយឡែកនៅខណ្ឌសែនសុខ កម្លាំងជំនាញរកឃើញម៉ូតូចំនួន៤២គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ។

ជាមួយគ្នានេះ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ដែលធ្លាប់បានបាត់ម៉ូតូក្នុងករណីចោរកម្មផ្សេង មេត្តាទៅពិនិត្យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយភ្ជាប់ទៅជាមួយនូវឯកសារសម្គាល់កម្មសិទ្ធិ បើសមត្ថកិច្ចពិនិត្យឃើញថា អ្នកពិតជាម្ចាស់កម្មសិទ្ធិពិតប្រាកដមែននោះ នឹងប្រគល់ជូនវិញភ្លាមៗតែម្ដង។

សូមជម្រាបថា ប្រតិបត្តិការដ៏ក្ដៅគគុកនេះត្រូវបានធ្វើឡើង បន្ទាប់ពីបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលបញ្ជាឲ្យអភិបាលខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ត្រូវចុះពិនិត្យទីតាំងបញ្ចាំទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះក្រែងមានករណីទទួលផលចោរកម្មណាមួយកើតឡើង។

យ៉ាងណាមិញ លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចនៅតែម្ដងរហូត ដោយធ្វើឡើងដូចភ្លៀងរលឹម ដើម្បីចូលរួមក្នុងការកាត់បន្ថយ​បទល្មើសដែលធ្លាប់កើតមាននៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែ​ប្រសើរឡើងថែមទៀត៕