អាណិតណាស់! មន្ត្រីនគរបាលវរៈការពារព្រំដែនម្នាក់ បានលិចទូកបណ្តាលឲ្យស្លាប់ ថ្ងៃនេះប្រទះឃើញសព
15-08-2017 10:31
(ស្ទឹងត្រែង)៖ គួរឲ្យសោកស្ដាយណាស់ មន្ត្រីនគរបាលវរៈព្រំដែនលេខ៧០១ ដែលឈរជើងនៅតំបន់អូរថ្មកែវ នៅក្នុងខេត្តស្ទឹងត្រែង បានលិចទូកស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១២ ខែសីហា តែទើបប្រទះឃើញសពនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ប៊ូន នឿង អាយុប្រហែល៥០ឆ្នាំ ជាមន្ត្រីនគរបាលវរៈព្រំដែនលេខ៧០១ ត្រូវបានគេប្រទះឃើញសាកសពអណ្ដែតទឹក នៅចំណុចកោះឬស្សី ចំងាយប្រហែលជិត១០គីឡូ ពីអូរអាឡៃ។
ក្រោយពេលដែលទទួលដំណឹងថា មាននគរបាលលិចទូក លោកវរសេនីឯក ស៊ុន បាន មេបញ្ជាការវរការពារព្រំដែនលេខ៧០១ បានដឹកនាំកម្លាំងចុះល្បាត តាមរកសាកសពនគរបាល តាំងពីថ្ងៃបាត់ខ្លួននោះ តែរកមិនឃើញទាល់តែសោះ រហូតដល់ព្រឹកថ្ងៃទី១៥ ខែសីហា ទើបបានទទួលសេចក្ដីរាយការណ៍ មកថាមានសាកសពអណ្ដែតទឹក នៅក្បែរកោះឬស្សី ទើបកម្លាំងរបស់លោកចេញទៅស្រង់សាកសពភ្លាមៗ។
មន្ត្រីបច្ចេកទេសពិនិត្យសាកសព បានបញ្ជាក់ថា សាកសពអាចត្រូវខ្យល់គ ទើបក្រឡាប់ទូកលិចបែបនេះ៕