ដំណឹងល្អសម្រាប់កសិករ! នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ក្រសួងសេដ្ឋកិច្ច នឹងរៀបចំសិក្ខាសាលាស្ដីអំពី «យន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការប្រមូលទិញស្រូវ» ក្រោយរដ្ឋទម្លាក់លុយ៣៨លានដុល្លារ សម្រាប់គាំទ្រវិស័យស្រូវអង្ករ
10-08-2017 11:34
(ភ្នំពេញ)៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬហៅកាត់ថា គ.ស.ហ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីអំពី «យន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាល នៅក្នុងការប្រមូលទិញស្រូវ» នៅថ្ងៃច័ន្ទទី១៤ ខែសីហា ឆ្នាំ២០១៧ ដើមសប្ដាហ៍ក្រោយនេះ។
សិក្ខាសាលាផ្សព្វផ្សាយនេះ នឹងត្រូវរៀបចំធ្វើឡើងដោយក្រុមការងារ នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកទេសរដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុន្នីរ័ត្ន ជារដ្ឋមន្រ្តី។
មន្រ្តីក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា «សិក្ខាសាលាខាងលើនេះ ក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, អភិបាលខេត្ត, ដៃគូអភិវឌ្ឍន៍, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន, សហព័ន្ធស្រូវអង្ករកម្ពុជា, ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃ និងនាំចេញអង្ករ ,តំណាងសហគមន៍កសិករ ព្រមទាំងអ្នកសារព័ត៌មាន និងការីពាក់ព័ន្ធដទៃទៀតចូលរួមផងដែរ»។
បើតាមមន្រ្តីក្រសួងសេដ្ឋកិច្ច គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បីធ្វើការផ្សព្វផ្សាយជូនសាធារណៈ បានស្វែងយល់ និងបានជ្រាបកាន់តែច្បាស់ អំពីយន្តការនៃអន្តរាគមន៍របស់ រាជរដ្ឋាភិបាល នៅក្នុងការប្រមូលទិញស្រូវ ដើម្បីជួយលើកស្ទួយថ្លៃស្រូវ របស់ប្រជាកសិករ ខណៈដែលរដូវប្រមូលផលស្រូវសម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ នឹងចូលមកដល់ជាបណ្តើរៗចាប់ពីខែសីហានេះ។
សូមជម្រាបថា ខណៈរដូវប្រមូលផលស្រូវសែនក្រអូបឈានចូលមកដល់នោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្ថែមនូវទឹកប្រាក់៣៨លានដុល្លារ សម្រាប់គាំទ្រដល់វិស័យ ស្រូវអង្កររបស់កម្ពុជា។
ទឹកប្រាក់ដែលរាជរដ្ឋាភិបាល បន្ថែមចំនួន៣៨លានដុល្លារថ្មីនេះ បែងចែកជាពីរផ្នែកគឺ២៣លានដុល្លារបន្ថែម ពីលើថវិកា២៧លានដុល្លារ ឲ្យកើនដល់៥០លានដុល្លារ ដើម្បីជួយការពារ កុំឲ្យធ្លាក់ចុះនៃតម្លៃស្រូវ សម្រាប់ផ្តល់កម្ចីជូនដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវរបស់កសិករ នៅរដូវប្រមូលផលនេះ។ ដោយឡែក១៥លានដុល្លារទៀត នឹងត្រូវធ្វើការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដូចជាឃ្លាំង និងឡរសម្ងួត នៅ៣តំបន់ រួមមាន ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ៕