Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុគ្គលឈ្មោះ «យូ ណារិន» ដែលតាំងខ្លួនជាឧត្តមសេនីយ៍ផ្កាយ២ នៅបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្ដី ពេលនេះត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនបានហើយ (Video inside)

19-07-2017 21:00

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញសារព័ត៌មាន ​Fresh News នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះថា បុគ្គលម្នាក់ឈ្មោះ «យូ ណារិន» ដែលតាំងខ្លួនជាឧត្តមសេនីយ៍ផ្កាយ២ នៅបញ្ជាការដ្ឋានអង្គរក្ស​ត្រូវ​កម្លាំងរបស់លោក​ចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃនេះ ពាក់ព័ន្ធរឿងប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ។

លោកមេបញ្ជាការបានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួននេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត ហើយធ្វើឡើងនៅចំណុចភូមិ៣ សង្កាត់៣ ក្រុង​ព្រះសីហនុ ជនសង្ស័យមានឈ្មោះ ង៉ែត សារិន ហៅ ​យូ ណារិន អាយុ៤៧ឆ្នាំ មុខរបរទិញលក់ដី មានទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំទំនប់រលក ​ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ។ ​

​នាពេលថ្មីៗកន្លងទៅនេះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាឲ្យចាប់ខ្លួនបុរសម្នាក់ ដែលអះអាងថា ជាឧត្តមសេនីយ៍ទោ នៅបញ្ជាការដ្ឋានអង្គរក្ស ហើយប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បញ្ជាការដ្ឋានអង្គរក្ស បានចេញលិខិតមួយ ដោយស្នើឲ្យប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចាត់វិធានការជា បន្ទាន់លោក យូ ណារិន ដែលគេអះអាងថា ជាឧត្តមសេនីយ៍ទោ និងជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្សហើយធ្វើសកម្មភាព ប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសអង្គរក្ស និងសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

លិខិតរបស់បញ្ជាការដ្ឋានអង្គរក្ស ចុះថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០១៧ ដែលផ្ញើទៅកាន់ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានឲ្យដឹងថា «លោក យូ ណារិន ពុំមានឈ្មោះនៅក្នុងក្របខណ្ឌ និងមិនមែនជាឧត្តមសេនីយ៍ទោ មេបញ្ជាការរង បញ្ជាការអង្គរក្សនោះទេ»

សូមបញ្ជាក់ថា បើតាមលិខិតរបស់ លោក ហូ សិទ្ធី ផ្ញើទៅនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា ខុទ្ទកាល័យសម្តេចតេជោ បានទទួលលិខិតពីអតីតកងទ័ពជាតិ(ខ៣)ដែលស្នើ ឱ្យអន្តរាគមន៍ ចំពោះករណីឈ្មោះ យូ ណារិន គណបក្សប្រឆាំង បច្ចុប្បន្នកំពុងដើរតួជាឧត្តមសេនីយ៍ទោ បញ្ជាការរងកងឯកភាពអង្គរក្ស របស់សម្តេចតេជោ ហ៊ុន សែន ហើយបានធ្វើសកម្មភាពប្រមូលប្រជាជន អណាធិបតេយ្យ ទៅសង់ខ្ទមរំលោភបំពាន ដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃ៕