ចាប់បានទៀតហើយ ! រថយន្តទំនើបៗអត់ពន្ធ៧គ្រឿង ត្រូវបានកម្លាំងគយចល័តចាប់បានរយៈពេល២ថ្ងៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
12-07-2017 17:42
(ភ្នំពេញ)៖ កម្លាំងគយចល័តបានបើកប្រតិបត្តិការចាប់រថយន្តទំនើបៗអត់ពន្ធ៧គ្រឿង នៅភូមិសាស្រ្តតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការនគរបាលជាតិ។
លោក ព្រាប គារ៉ាត់ មន្រ្តីគយចល័ត ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh Newsថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅរយៈពេល២ថ្ងៃ ពោលថ្ងៃទី១១ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយចាប់បានចំនួន៧គ្រឿង។ ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម ពោលគឺបន្តបង្ក្រាបឲ្យតែប្រើប្រាស់រថយន្តអត់ពន្ធ និងស្លាកលេខក្លែងក្លាយ។
កម្លាំងគយចល័ត បានចុះប្រតិបត្តិ ចាប់ថយន្តស៊េរីទំនើបៗ ដែលអត់ពន្ធជាច្រើនគ្រឿងរួចមកហើយ កាលពីពេលកន្លងមក ហើយប្រត្តិបត្តិការនេះ ក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ៕