Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃនេះ, ចៅសង្កាត់មកពីគណបក្សប្រជាជន បន្តកាន់កាប់តំណែង

07-07-2017 12:10

(ស្វាយរៀង)៖ អភិបាលរងក្រុងបាវិតលោក លឹម សៀងហៀង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា សមាជិកក្រុមបឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតត្រូវតែ រួមសាមគ្គីគ្នា ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អ។ ការថ្លែងបែបនេះក្នុងឱកាសដែល លោក លឹម សៀងហៀង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញក្រុងបាវិត នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

ចៅសង្កាត់ ដែលជាប់ឆ្នោតនៅសង្កាត់ព្រៃអង្គុញ ក្នុងអាណត្តិទី៤នេះ លោក ខាំ រឿង មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្តេជ្ញាចិត្ត និងបន្តបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ស្ថិតក្នុងឱកាសនោះអភិបាលរងក្រុងបាវិត បានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យរីកចម្រើន ហើយបន្តកិច្ចការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសត្រូវដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការនិងសេវាសំណូមពរ គឺធ្វើយ៉ាងណាកុំឲ្យពលរដ្ឋថ្នាំងថ្នាក់។

លោក លឹម សៀងហៀង បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាសង្កាត់ មិនត្រូវប្រកាន់និន្នការបក្ស ក្នុងម៉ោងបំពេញការងារនោះទេ និងត្រូវរួបរួម សាមគ្គីគ្នាធ្វើការបម្រើ ប្រជាពលរដ្ឋឲ្យបានល្អនិងសង្គមជាតិ។ មិនតែប៉ុណ្ណោះក្រុមប្រឹក្សាសង្កាត់ត្រូវរៀបចំឯកសារដែលពាក់ពន្ធ័ទាំងបំណុល ដើម្បីប្រកាសទ្រព្យសម្បត្តិហើយផ្ញើរ ទៅអង្គភាពប្រឆាំងអំពើពុករលុយឲ្យបានឆាប់ផងដែរ៕